នៅមុនការបោះឆ្នោតសកលរបស់ប្រទេសអេក្វាឌ័រ នាថ្ងៃអាទិត្យ (ទី២០ ខែសីហា) ដែលត្រូវបានធ្វើឲ្យកករល្អក់ដោយការសម្លាប់បេក្ខជនម្នាក់ បេក្ខជនប្រជែងតំណែងប្រធានាធិបតី លោកស្រី Luisa Gonzalez ដែលបាននាំមុខក្នុងការស្ទង់មតិនៅមុនការបោះឆ្នោតនោះ បាននិយាយកាលពីថ្ងៃអង្គារ (ទី១៥ ខែសីហា) ថា លោកស្រីនឹងប្រើប្រាស់ទឹកប្រាក់ ២,៥ពាន់លានដុល្លារពីទុនបម្រុងអន្តរជាតិ ដើម្បីពង្រឹងសេដ្ឋកិច្ច ដែលកំពុងតែយ៉ាប់យ៉ឺន ប្រសិនបើលោកស្រីជាប់ឆ្នោត។

ក្នុងនាមជាគូបដិបក្ខដ៏យូរអង្វែងណាស់មកហើយទល់នឹងទីប្រឹក្សារបស់លោកស្រី Gonzalez គឺអតីតប្រធានាធិបតី លោក Rafael Correa បេក្ខជនប្រឆាំងអំពើពុករលួយ លោក Fernando Villavicencio ត្រូវបានខ្មាន់កាំភ្លើងបាញ់ស្លាប់ ពេលកំពុងចេញព្រឹត្តិការណ៍មួយ ក្នុងទីក្រុង Quito កាលពីសប្តាហ៍មុន ដោយហេតុការណ៍នេះ បានបង្ហាញពីសន្តិសុខកាន់តែអាក្រក់ឡើងៗ ក្នុងប្រទេសដែលលាតសន្ធឹងតាមបណ្ដោយផ្នែកខាងលិចនៃតំបន់អាមេរិកខាងត្បូង ឬអាមេរិកឡាទីន និងបានជំរុញឲ្យដៃគូប្រកួតប្រជែងរបស់លោក សន្យាថា នឹងប្រយុទ្ធប្រឆាំងលុបបំបាត់អំពើឧក្រិដ្ឋកម្ម។
សូមបញ្ជាក់ថា អេក្វាឌ័របានពឹងផ្អែកលើការផ្តល់ហិរញ្ញប្បទានអន្តរជាតិ ចាប់តាំងពីសេដ្ឋកិច្ចរបស់ខ្លួន ត្រូវបានបំផ្លាញដោយការរាតត្បាតពីរីរុសកូរ៉ូណា។ ប្រទេសនេះបានបញ្ចប់កិច្ចព្រមព្រៀងឥណទានចំនួន ៦,៥ពាន់លានដុល្លារជាមួយមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) កាលពីចុងឆ្នាំមុន ហើយក្នុងខែនេះ បានយកប្រាក់កម្ចីចំនួន ៥០០លានដុល្លារជាមួយធនាគារអភិវឌ្ឍន៍អន្តរអាមេរិក (IDB ឬ IADB )។
ហើយបើយោងតាមទិន្នន័យរបស់ធនាគារកណ្តាល បានឲ្យដឹងថា ប្រទេសអេក្វាឌ័រ មានទុនបម្រុងអន្តរជាតិប្រមាណ ៦,៩៦ពាន់លានដុល្លារ គិតត្រឹមខែមិថុនា៕
