អាមេរិក ៖ អតីតភ្នាក់ងារ FBI ម្នាក់ បានសារភាពថា បានធ្វើការឲ្យមហាសេដ្ឋីរុស្ស៊ី លោក Oleg Deripaska ខណៈពេលដែលមហាសេដ្ឋីរូបនោះ ស្ថិតនៅក្រោមទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ហើយបានទទួលស្គាល់ពីការមានទោសចំពោះករណីសមគំនិត នៅក្នុងតុលាការទីក្រុងញូវយ៉ក កាលពីថ្ងៃអង្គារ (ទី១៥ ខែសីហា) ដែលការសារភាពនេះ ជាថ្នូរដើម្បីឲ្យរដ្ឋអាជ្ញាទម្លាក់ការចោទប្រកាន់ផ្សេងទៀត។
កាលពីខែមករា រដ្ឋអាជ្ញា បានឲ្យដឹងថា មុនពេលចូលនិវត្តន៍នៅឆ្នាំ២០១៨ លោក Charles McGonigal ដែលដឹកនាំផ្នែកប្រឆាំងការស៊ើបការណ៍សម្ងាត់របស់ FBI នៅទីក្រុងញូវយ៉ក ទទួលបានប្រាក់បិទមាត់ពីលោក Deripaska ដែលជាថ្នូរនឹងការស៊ើបអង្កេតលើអ្នកជំនួញគូប្រជែង ហើយក្នុងឆ្នាំ២០១៩ មិនបានជោគជ័យ ក្នុងការជំរុញឲ្យមានការដកទណ្ឌកម្មពីលោក Deripaska។
នៅពេលនោះ លោក McGonigal បានអះអាងពីភាពគ្មានទោសពៃរ៍ ចំពោះបទល្មើសព្រហ្មទណ្ឌចំនួន ៤ករណី ដោយក្នុងនោះរួមទាំងការរំលោភលើការដាក់ទណ្ឌកម្ម និងការសម្អាតប្រាក់ផងដែរ។
លោក McGonigal វ័យ ៥៥ឆ្នាំ កាលពីថ្ងៃអង្គារ (ទី១៥ ខែសីហា) បាននិយាយនៅក្នុងតុលាការសហព័ន្ធ នៅតំបន់ Manhattan ថា លោកបានធ្វើការឲ្យលោក Deripaska ក្នុងចន្លោះនិទាឃរដូវ និងរដូវស្លឹកឈើជ្រុះនៃឆ្នាំ២០២១ ដើម្បីស្វែងរកព័ត៌មានអវិជ្ជមានរបស់លោក Vladimir Potanin ក្នុងគោលបំណងធ្វើឲ្យគូប្រជែងរបស់លោក Deripaska រូបនេះ មានឈ្មោះនៅក្នុងបញ្ជីទណ្ឌកម្មរបស់សហរដ្ឋអាមេរិក។
លោក McGonigal បានបញ្ជាក់បន្ថែមថា ទទួលបានប្រាក់ចំនួន ១៧.៥០០ដុល្លារ សម្រាប់ការងារនោះ ដោយផ្ទេរពីប្រទេសរុស្ស៊ីតាមរយៈគណនី នៅកោះស៊ីប និងរដ្ឋ New Jersey របស់អាមេរិក ដែលជាការប៉ុនប៉ងបិទបាំងប្រភពនៃការទូទាត់ ហើយអតីតភ្នាក់ងារ FBI រូបនេះ បានប្រាប់តុលាការថា លោកមាន «វិប្បដិសារីជាពន់ពេក» ចំពោះទង្វើរបស់ខ្លួន។
បទចោទសមគំនិត ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារអតិបរមារយៈពេល ៥ឆ្នាំ។ ចៅក្រមសហព័ន្ធអាមេរិក លោកស្រី Jennifer Rearden គ្រោងនឹងធ្វើការកាត់ទោសលើលោក McGonigal នៅថ្ងៃទី១៤ ខែធ្នូ៕

