អាមេរិក ៖ មន្ត្រីក្រសួងការបរទេសអាមេរិក លោក វេដាន ប៉ាតែល (Vedant Patel) បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី ១៥ ខែសីហាថា កិច្ចសហប្រតិបត្តិការយោធារវាងរុស្ស៊ី និងកូរ៉េខាងជើង នឹងបំពានសេចក្តីសម្រេចរបស់អង្គការការសហប្រជាជាតិដែលមានបំណងរឹតត្បិតកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង។
លោកបានថ្លែងថា៖«ក្តីបារម្ភរបស់យើង នៅតែមាន នៅពេលដែលប្រទេសកូរ៉េខាងជើង បន្តជំនួយរបស់ខ្លួនដល់សង្គ្រាមរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន។
លោកប៉ាតែល ក៏បានបន្ថែមថា ទីក្រុងមូស្គូ ត្រូវបានបង្ខំចិត្តពឹងផ្អែកលើប្រទេសដូចជាកូរ៉េខាងជើង និងអ៊ីរ៉ង់សម្រាប់ការគាំទ្រផ្នែកយោធា។ យោងតាមក្រសួងការបរទេស រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoigu បានទៅធ្វើទស្សនកិច្ចនៅទីក្រុងព្យុងយ៉ាងនាពេលថ្មីៗនេះ ដើម្បីបញ្ចុះបញ្ចូលកូរ៉េខាងជើងឲ្យលក់អាវុធបន្ថែមទៀតទៅឲ្យប្រទេសរុស្ស៊ី។
លោកបានសង្កត់ធ្ងន់ថា«កិច្ចសហប្រតិបត្តិការសន្តិសុខ ឬពាណិជ្ជកម្មអាវុធណាមួយរវាងកូរ៉េខាងជើង និងរុស្ស៊ី នឹងបំពានលើសេចក្តីសម្រេចជាបន្តបន្ទាប់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ»។

