ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា លើកឡើងថា ប្រទេសឥណ្ឌាគឺជាប្រទេសដៃគូជាមួយប្រទេសកម្ពុជា ដែលមានបំណងធ្វើដំណើរឆ្ពោះទៅរកការអភិវឌ្ឍ ជាពិសេសការធ្វើពាណិជ្ជកម្ម ការតភ្ជាប់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការផ្នែកវប្បធម៌ ទេសចរណ៍ និងប្រជាជននិងប្រជាជន ។
លោកជំទាវបណ្ឌិត Devyani Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំប្រទេសកម្ពុជា លើកឡើងនៅក្នុងពិធីអបអរសាទរទិវាឯករាជ្យលើកទី ៧៧ នៃសាធារណរដ្ឋឥណ្ឌា នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ ២០២៣ នេះថា សមិទ្ធផលដែលបានកើតឡើងនៅក្នុងប៉ុន្មានឆ្នាំកន្លងទៅ គឺបានបង្ហាញ អំពីទំនាក់ទំនងទ្វេភាគីស្ថិតក្នុងកម្រិតខ្ពស់ រវាងឥណ្ឌា និងកម្ពុជា ក្នុងនោះចំពោះការធ្វើពាណិជ្ជកម្មទ្វេភាគីវិញ ទំហំពាណិជ្ជកម្ម ការតភ្ជាប់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការផ្នែកវប្បធម៌ ប្រជាជននិងប្រជាជន នៅតែបន្តជាអាទិភាពរបស់ប្រទេសទាំងពីរ។
ចំណែកឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅក្នុងពិធីនេះដែរ បានវាយតម្លៃខ្ពស់ចំពោះឥណ្ឌាដែលបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមរបស់កម្ពុជា តាមរយៈការផ្តល់ឥណទាន និងជំនួយឥតសំណង ដើម្បីចូលរួមទាំងការស្តារ និងអភិរក្សប្រាសាទបុរាណ, ការអភិវឌ្ឍធនធានមនុស្ស, កសិកម្ម, សុខាភិបាល, ហេដ្ឋារចនាសម្ព័ន្ធ, ការដោះមីន ការការពារជាតិ, ជំនួយដល់វិស័យកសិកម្ម សាលាក្តីខ្មែរក្រហម, និងការផ្តល់វ៉ាក់សាំង Covid-19 ដល់កម្ពុជាជាដើម។
ឯកឧត្តមរដ្ឋមន្ត្រី បន្តថា ការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ បានកើនឡើងជាលំដាប់ ជាក់ស្តែងនៅក្នុងឆ្នាំ ២០២២ មានទំហំទឹកប្រាក់ប្រមាណ ៤៤០ លានដុល្លារអាមេរិក ដែលការកើនឡើងនេះ ដោយសារការផ្តល់ហិរញ្ញប្បទានពីឥណ្ឌានូវកម្មវិធីអនុគ្រោះពន្ធគយ ដល់ប្រទេសកម្ពុជាក្នុងឆ្នាំ ២០១៨ ។ កម្ពុជាក៏កំពុងទន្ទឹងរង់ចាំ ការបញ្ចប់សន្ធិសញ្ញាវិនិយោគទ្វេភាគីកម្ពុជា-ឥណ្ឌា និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនៃប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើន។
សូមបញ្ជាក់ថា ជុំវិញការធ្វើពាណិជ្ជកម្មរវាងកម្ពុជា-ឥណ្ឌា បើតាមរបាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅក្នុងរយៈពេល ៧ ខែ ឆ្នំា២០២៣ នេះ ការធ្វើពាណិជ្ជកម្មទ្វេភាគីប្រទេសទាំងពីរ មានទំហំទឹកប្រាក់សរុបជាង ២៦៨ លានដុល្លារ កើនឡើង ៥.៥ ភាគរយ ក្នុងនោះកម្ពុជានាំចេញទំនិញទៅកាន់ប្រទេសឥណ្ឌា មានទឹកប្រាក់ជិត ១៤១ លានដុល្លារ កើនជិត ៤៣ ភាគរយ ខណៈការនាំចូលទំនិញពីប្រទេសឥណ្ឌា មានទឹកប្រាក់ជាង ១២៧ លានដុល្លារ ថយចុះ ១៨ ភាគរយ៕អត្ថបទ៖ សុន រ៉ាឌី