
បាត់ដំបង៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជំរុញរដ្ឋបាលខេត្តឱ្យគិតគូរ កសាងបន្ថែមនូវហេដ្ឋារចនាសម្ព័ន្ធនានា បម្រើឱ្យវិស័យទេសចរណ៍ ជាពិសេសរៀបចំឱ្យមានកន្លែងកម្សាន្ត លើទឹក ដើម្បីបង្កើនការទាក់ទាញភ្ញៀវទេសចរនៅរដូវប្រាំង ។
សម្ដេចក្រឡាហោម ស ខេង នៅព្រឹកថ្ងៃទី១៦ ខែសីហានេះ ក្នុងឱកាសអញ្ជើញធ្វើជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវវិមានឯករាជ្យ សួនច្បារ និងផ្លូវក្រាលកៅស៊ូAC នៅក្នុងក្រុងបាត់ដំបង បានបញ្ជាកថា ខេត្តបាត់ដំបង ជាខេត្តមួយដែលមានសក្ដានុពលខ្ពស់លើវិស័យទេសចរណ៍ ដូច្នេះទាមទារ ឱ្យអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់គិតគូរអភិវឌ្ឍន៍វិស័យនេះឱ្យបានល្អ ដែលវានឹងផ្ដល់ចំណូលដល់សហគមន៍ និងជួយលើកកម្ពស់សេដ្ឋកិច្ចប្រជាពលរដ្ឋ ។
សម្ដេចក្រឡាហោម បានថ្លែងនូវការកោតសរសើរដល់រដ្ឋបាលខេត្ត ដែលបានខិតខំកែលម្អលើក កម្ពស់សោភ័ណភាពក្រុងបាត់ដំបង តាមរយៈការកសាងវិមានឯករាជ្យ សួនច្បារ និងផ្លូវក្រាលកៅស៊ូ ដែល បានសម្ពោធដាក់ឱ្យប្រើប្រាស់ នាពេលនេះ ។
សម្ដេច បានណែនាំដល់រដ្ឋបាលខេត្ត ត្រូវខិតខំកៀរគរស្វែងរកការគាំទ្រ ដើម្បីរៀបចំសាងសង់ពហុកីឡដ្ឋានស្ដង់ដារមួយ ដែលអាចបម្រើឱ្យវិស័យកីឡាគ្រប់ប្រភេទ ។
ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានឱ្យដឹងថា ក្រៅពីសមិទ្ធផល ដែលសម្រេចបាន និង សម្ពោធដាក់ឱ្យប្រើប្រាស់នាពេលនេះ រដ្ឋបាលខេត្ត បាននិងកំពុងជួលជុលកែលម្អផ្លូវជាច្រើនខ្សែ និងមាន គម្រោងកែលម្អសួនច្បារសាធារណៈ និងការរៀបចំរបៀបរៀបរយនៅតាមរមណីយដ្ឋាន ពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសាធារណៈ ។
អភិបាលខេត្តបាត់ដំបង បានបញ្ជាក់បន្ថែមថា ក្រៅពីការអភិវឌ្ឍនានា រដ្ឋបាលខេត្ត បាននិងកំពុង ខិតខំដោះស្រាយបញ្ហាសំរាម អនាម័យបរិស្ថាន សណ្ដាប់ធ្នាប់សាធារណៈ និងរំដោះសំណង់មិនរៀបរយ ចេញពីទីក្រុង ដើម្បីឱ្យក្រុងបាត់ដំបង អាចប្រែក្លាយទៅជាទីក្រុងវៃឆ្លាតនៅពេលអនាគត ៕អត្ថបទ៖ នឿត សុភ័ក្ត្រ
