
តុលាការធម្មនុញ្ញរបស់ប្រទេសថៃ បានសម្រេចទម្លាក់ចោលញត្តិ ដែលតវ៉ាជំទាស់នឹងការទាត់ចោលរបស់សភា ដើម្បីអនុញ្ញាតឲ្យគណបក្សដែលឈ្នះការបោះឆ្នោត គឺគណបក្សបោះជំហានទៅមុខ (Move Forward) មានឱកាសជាលើកទី២ ក្នុងការបង្កើតរដ្ឋាភិបាល។
ការសម្រេចនៅថ្ងៃពុធនេះ ស្ទើរតែបំផ្លាញនូវក្តីសង្ឃឹមគ្រប់យ៉ាងរបស់គណបក្សបោះជំហានទៅមុខ ដែលកំពុងតែនាំមុខគេ ក្នុងការដឹកនាំរដ្ឋាភិបាលបន្ទាប់របស់ប្រទេសថៃ និងត្រួសត្រាយផ្លូវ ដើម្បីឲ្យសភាបោះឆ្នោតជ្រើសរើសបេក្ខជននាយករដ្ឋមន្ត្រីផ្សេងទៀតឲ្យបានឆាប់ ក្នុងសប្តាហ៍នេះ។
គណបក្សបោះជំហានទៅមុខ ដែលដឹកនាំដោយលោក Pita Limjaroenrat បានឈ្នះអាសនៈច្រើនជាងគេនៅក្នុងការបោះឆ្នោតសកល កាលពីថ្ងៃទី១៤ ខែឧសភា ដោយជោគជ័យនោះត្រូវបានជំរុញដោយរលកនៃការគាំទ្រពីយុវជនថៃ និងនៅទីក្រុង ដើម្បីបញ្ចប់ការគ្រប់គ្រងដែលគាំទ្រដោយយោធាជិតមួយទសវត្សរ៍។
ប៉ុន្តែការប្រឹងប្រែងរបស់អ្នកនយោបាយវ័យ ៤២ឆ្នាំ ដើម្បីបានក្លាយជានាយករដ្ឋមន្ត្រីបន្ទាប់របស់ប្រទេសថៃ ត្រូវបានច្រានចោលនៅថ្ងៃទី១៣ ខែកក្កដា ពីសំណាក់សមាជិកសភាសម្ព័ន្ធមិត្តជាមួយពួកយោធារាជានិយម ហើយការប៉ុនប៉ងជាលើកទី២ នៅមួយសប្តាហ៍ក្រោយមក ក៏ត្រូវបានខ្ទាស់ដោយការបោះឆ្នោតតាមនីតិវិធី នៅក្នុងសភា ដែលបាននិយាយថា ឈ្មោះរបស់លោក មិនអាចត្រូវបានតែងតាំងម្តងទៀតនោះទេ។
ករណីនេះ ដែលត្រូវបានច្រានចោល នៅថ្ងៃពុធនេះ ផ្តោតលើធម្មនុញ្ញភាពរបស់សភា ដែលបដិសេធការបោះឆ្នោតជាលើកទី២ របស់លោក Pita។ ក្នុងសេចក្តីសម្រេចរបស់ខ្លួន តុលាការបានលើកឡើងថា ខ្លួនបានបដិសេធមិនទទួលយកករណីនេះទេ ដោយសារតែញត្តិនោះត្រូវបានដាក់ដោយក្រុមបុគ្គលជាង ២០នាក់ ដែលមិនរាប់បញ្ចូលបេក្ខជននាយករដ្ឋមន្ត្រីខ្លួនឯងនោះ៕