បាល់ទាត់៖ ក្រុមតោខៀវ Chelsea បានបញ្ចប់រដូវកាល English Premier League របស់ខ្លួននៅចំណាត់ថ្នាក់លេខ ៤ ដែលជាកៅអីចុងក្រោយមានមុខនៅ Champions League រដូវកាលក្រោយ បើទោះជាចាញ់ Aston Villa ស្របពេលក្រុមគូប្រជែង Leicester City ចាញ់ Spurs ក្នុងដីខ្លួនឯង។

ក្រុមរបស់លោក Tuchel ដែលត្រូវជួប Manchester City វគ្គផ្តាច់ព្រ័ត្រ Champions League ចុងសប្តាហ៍នេះ ត្រូវការពិន្ទុជាចាំបាច់នៅទឹកដី Aston Villa ដើម្បីកៅអី UCL តែគ្រាប់បាល់របស់ Bertrand Traore និង បាល់ ១១ម៉ែត្ររបស់ Anwar El Ghazi ធ្វើអោយ Aston Villa ឈ្នះការប្រកួតនេះទោះជា Chelsea រកបាន ១គ្រាប់វិញដោយ Ben Chilwell មុនពេល Cesar Azpilicueta ទទួលបានកាតក្រហម។ ស្របពេលគ្នានេះដែរ Leicester City ទទួលភ្ញៀវ Tottenham Hotpsur ខណៈជ័យជំនះនឹងធ្វើអោយពួកគេមានមុខនៅ UCL រដូវកាលក្រោយ។
នាំមុខមុនដល់ទៅ ២លើកសំរាប់ Leicester City ដោយបាល់ ១១ម៉ែត្ររបស់ Jamie Vardy តែត្រូវបានតាមស្មើវិញទាំងពីរលើពី Spurs ដោយ Harry Kane និងបាល់ចូលទីខ្លួនឯងរបស់ Kasper Schmeichel មុនពេលដែល Gareth Bale រកបានពីរគ្រាប់ម្នាក់អោយ Spurs ទំលាក់ Leicester City ចេញពី Top4។ Liverpool យប់មិញក៏បានយកឈ្នះ Crystal Palace ២-០ ផងដែរឡើងមកលេខ៣ ក្នុងតារាងមានកៅអីនៅ UCL រដូវកាលក្រោយជាមួយ Chelsea ចំណែក Leicester City បានត្រឹមខកចិត្ត និងបានត្រឹមកៅអី Europa League៕
អត្ថបទ៖នាង សុភាវុធ