
បណ្តារដ្ឋមន្ត្រីការបរទេសអារ៉ាប់ បានជួបប្រជុំគ្នានៅទីក្រុងគែរប្រទេសអេហ្ស៊ីប ដើម្បីពិភាក្សាអំពីជំហាននានា ដែលប្រទេសស៊ីរី ត្រូវធ្វើ ដើម្បីស្តារទំនាក់ទំនងឡើងវិញជាមួយពិភពអារ៉ាប់។
បណ្តារដ្ឋមន្ត្រីការបរទេសមកពីប្រទេសអារ៉ាប៊ីសាអ៊ូឌីត អ៊ីរ៉ាក់ ហ្ស៊កដានី ស៊ីរី និងអេហ្ស៊ីប បានជួបប្រជុំគ្នា នៅទីក្រុងគែរ កាលពីថ្ងៃអង្គារ (ទី១៥ ខែសីហា) ដើម្បីផ្តល់យោបល់ និងគំនិតទាក់ទងនឹងបញ្ហាមនុស្សធម៌ ការផ្តល់ជំនួយ និងការបញ្ជូនជនភៀសខ្លួនទៅស៊ីរីវិញ។
ស៊ីរី និងប្រធានាធិបតីរបស់ប្រទេសនេះ លោក Bashar al-Assad ត្រូវបានដាក់ឲ្យនៅឯកោយ៉ាងធំធេង ជុំវិញការបង្រ្កាបរបស់លោកលើបាតុកម្ម ដែលបានផ្ទុះឡើងប្រឆាំងនឹងលោក ក្នុងឆ្នាំ២០១១ ប៉ុន្តែការរញ្ជួយដីដ៏អាក្រក់ ដែលបានវាយប្រហារស៊ីរី និងទួរគី កាលពីខែកុម្ភៈ បានធ្វើឲ្យប្រសើរឡើងវិញយ៉ាងឆាប់រហ័សនូវទំនាក់ទំនងជាមួយពិភពអារ៉ាប់។
សេដ្ឋកិច្ចរបស់ប្រទេសស៊ីរី ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ បន្ទាប់ពីការធ្លាក់ចុះនៃរូបិយប័ណ្ណ ក្នុងស្រុក ដល់កម្រិតទាបគ្រប់កាល ការរឹតបន្តឹងទណ្ឌកម្ម ការដួលរលំហិរញ្ញវត្ថុរបស់ប្រទេសជិតខាងលីបង់ និងការបាត់បង់នៃតំបន់ផលិតប្រេងជាច្រើន នៅភាគឦសាន៕