អាមេរិក៖ អភិបាលរដ្ឋហាវ៉ៃ លោក Josh Green បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃពុធថា ចំនួនអ្នកស្លាប់នៅក្នុងចំហេះព្រៃកោះម៉ូអ៊ី ឥឡូវនេះមានចំនួន១១០នាក់ហើយ ខណៈដែលទីភ្នាក់ងារផ្គត់ផ្គង់អគ្គិសនីរដ្ឋហាវ៉ៃ ប្រឈមមុខនឹងសំណួរជាច្រើនពីការមិនបិទបណ្តាញអគ្គិសនី នៅពេលដែលខ្យល់ដ៏ខ្លាំងបានបង្កើតឲ្យមានលក្ខខណ្ឌចំហេះដ៏គ្រោះថ្នាក់នេះ។
កាលពីព្រឹកថ្ងៃពុធ ក្រុមហ៊ុនដែលដំណើរការបណ្តាញឧបករណ៍ចាប់សញ្ញានៅលើកោះម៉ូអ៊ី នេះ បាននិយាយថា ខ្លួនបានរកឃើញកំហុសបណ្តាញឧបករណ៍ប្រើប្រាស់សំខាន់ៗជាច្រើនម៉ោង មុនពេលចំហេះចាប់ផ្តើម។ កំហុសមួយក្នុងចំណោមនោះគឺជា "សៀគ្វីខ្លី ឬសៀគ្វីខ្លីមួយផ្នែក" ដែលបណ្តាលឱ្យមានចរន្តលើសលប់ហូរតាមប្រព័ន្ធអគ្គិសនី នេះបើយោងតាមក្រសួងថាមពលសហរដ្ឋអាមេរិក។
ក្រុមមន្ត្រីជំនាញកំពុងបន្តពន្លត់ភ្លើង ហើយមូលហេតុផ្លូវការនៃចំហេះនេះ នៅមិនទាន់កំណត់បាននៅឡើយទេ ។ ក្រុមហ៊ុនផ្គត់ផ្គង់អគ្គិសនីរដ្ឋហាវ៉ៃ បាននិយាយថា ការផ្តោតការយកចិត្តទុកជាបន្ទាន់របស់ខ្លួន គឺទៅលើការស្តារថាមពលឡើងវិញដល់អតិថិជន និងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងឆ្លើយតបនឹងគ្រាអាសន្ន ព្រមទាំងការបង្កើតផែនការស្តារឡើងវិញរយៈពេលវែងផងដែរ។
ចំហេះនៅទីក្រុងឡាហេណា នៅរដ្ឋហាវ៉ៃ ឥឡូវនេះ គឺជាគ្រោះធម្មជាតិដែលមានមនុស្សស្លាប់ច្រើនបំផុតក្នុងរយៈពេលជាង១០០ឆ្នាំ នេះបើយោងតាមការវិភាគរបស់រដ្ឋបាលអគ្គិភ័យរបស់សហរដ្ឋអាមេរិក និងអ្នកវិភាគរបស់សារព័ត៌មានCNN។ អភិបាលរដ្ឋហាវ៉ៃ លោក Josh Green បាននិយាយថា សំណង់ប្រហែល២.២០០ទីតាំងត្រូវបានបំផ្លាញ ឬខូចខាតនៅលើកោះម៉ូអ៊ី ដែលចំនួន៨៦% នៃការខូចខាតទាំងនោះជាលំនៅឋានប្រជាជន៕


