រុស្សី៖ ក្រសួងការពារជាតិរុស្ស៊ី បាននិយាយកាលពីថ្ងៃពុធថា កងកម្លាំងរបស់ខ្លួន បានវាយបកជាច្រើនលើកទៅលើអ៊ុយក្រែនក្នុងទិសដៅនៃតំបន់ហ្សាប៉ូរ៉ូហ្ស៊ី ( Zaporozhy) លូហានស្ក៍ ( Luhansk) និង ដូណិតស្ក៍ (Donetsk) ខណៈដែលកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បានប្រកាសពីវឌ្ឍនភាពក្នុងទិសដៅនៃ តំបន់មេលីតូប៉ូល (Melitopol) និង ប៊ឺដ្យានស្ក៍ ( Berdiansk) នៅថ្ងៃតែមួយ។
កងការពារដែនអាកាសរបស់រុស្ស៊ី បានបាញ់ទម្លាក់យន្តហោះចម្បាំង Su-25 របស់អ៊ុយក្រែន នៅទីក្រុងដូណិតស្ក៍ និងស្ទាក់ចាប់មីស៊ីល HIMARS ចំនួន ៤ គ្រាប់ មីស៊ីល BM-30 ចំនួន ២ គ្រាប់ និងយានអាកាសគ្មានមនុស្សបើក (UAVs) ចំនួន២៦គ្រឿង នេះបើយោងតាមក្រសួងការពារជាតិរុស្ស៊ី។
ទន្ទឹមនឹងនេះដែរ អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បានចេញរបាយការណ៍មួយនៅព្រឹកថ្ងៃពុធ ដោយនិយាយថា ប្រតិបត្តិការវាយលុក នៅតែកំពុងដំណើរការក្នុងទិសដៅនៃទីក្រុងមេលីតូប៉ូល និងប៊ឺដ្យានស្ក៍ ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ។
របាយការណ៍នោះ បាននិយាយថា កងទ័ពអាកាសអ៊ុយក្រែន បានធ្វើការវាយប្រហារចំនួន៧លើកទៅលើទាហាននិងយុទ្ធោបករណ៍របស់រុស្ស៊ី។ យោងតាមរបាយការណ៍បានឲ្យដឹងថា គ្រាប់រ៉ុក្កែត និងកាំភ្លើងធំជាច្រើនរបស់អ៊ុយក្រែន ក៏បានវាយប្រហារកាំភ្លើងធំរុស្ស៊ី ប្រព័ន្ធការពារដែនអាកាស និងគោលដៅសំខាន់ៗផ្សេងទៀតផងដែរ៕


