ភ្នំពេញ៖ ឯកឧត្តម ចាយ បូរិន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានផ្នែកឃោសនាអប់រំនៃយុវជនគណបក្សថ្នាក់កណ្តាល តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោធីតា (TYDA) នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ បានអញ្ជើញសួរសុខទុក្ខ ឯកឧត្តម ផ្លោក ផន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជារដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា ដែកំពុងសម្រាកថែទាំសុខភាពនៅគេហដ្ឋាននៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ឯកឧត្តម ចាយ បូរិន បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ប្រធានគណបក្ស សម្តេច ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ ព្រមទាំងឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនចំពោះឯកឧត្តម ផ្លោក ផន និងក្រុមគ្រួសារ។
ឯកឧត្តម ផ្លោក ផន មានប្រសាសន៍ថា ខ្ញុំបាទនិងក្រុមគ្រួសារ ពិតជាមានក្តីរំភើបរីករាយយ៉ាងខ្លាំងឥតឧបមា ដោយមិនអាចយកអ្វីមកប្រៀបផ្ទឹមបានឡើយ ហើយយើងខ្ញុំសូមសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេច ឯកឧត្តម លោកជំទាវ ដែលជាថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ ជាពិសេសឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ដែលបានចាត់ឯកឧត្តម ចាយ បូរិន ជាតំណាងដឹកនាំប្រតិភូមកសួរសុខទុក្ខរូបខ្ញុំ និងក្រុមគ្រួសារដល់លំនៅដ្ឋាន។
ឯកឧត្តមមានការពេញចិត្តយ៉ាងខ្លាំងចំពោះសកម្មភាពសួរសុខទុក្ខរបស់យុវជនគណបក្សថ្នាក់កណ្ដាល ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ដែលតែងតែយកចិត្តទុកដាក់ពីជីវភាពរស់នៅ សួរសុខទុក្ខ ផ្តល់ភាពកក់ក្តៅ និងក្តីសង្ឃឹមដល់ចាស់ព្រឹទ្ធាចារ្យ និងសូមគាំទ្រឱ្យបន្តសកម្មភាពជាប្រពៃណីនេះឱ្យបានកាន់តែច្រើនជាបន្តទៀត។
ឯកឧត្តម មានក្តីសប្បាយរីករាយ និងសូមចូលរួមអបអរសាទរជាមួយប្រជាជនកម្ពុជាទូទាំងប្រទេសចំពោះពិធីបើកសម័យប្រជុំដំបូងរដ្ឋសភានីតិកាលទី៧ ក្រោមព្រះរាជអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ ខាងមុខនេះ ។
ឯកឧត្តម ផ្លោក ផន បានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះ ចំពោះឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ដើម្បីបន្តដឹកនាំប្រទេសជាតិ រក្សាសុខសន្តិភាព មានការអភិវឌ្ឍកាន់តែរីកចម្រើន ហើយប្រជាជនកាន់តែមានជីវភាពធូរធារ និងរស់នៅប្រកបដោយសេចក្តីសុខសាន្តក្រោមម្លប់សន្តិភាព ។
ឯកឧត្តមបានរៀបរាប់ពីប្រវត្តិការងារថា ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ បានចូលបម្រើការងារនៅខេត្តតាកែវ ធ្វើជាប្រធានឃុំក្រុមឃោសនាប្រដាប់អាវុធ អនុប្រធានឃោសនាអប់រំ សមាជិករដ្ឋសភា សមាជិកគណៈកម្មាធិការបក្ស សមាជិកគណ:កម្មាធិការខេត្ត ប្រធានមន្ទីរបក្សខេត្ត អនុប្រធានផែនការខេត្ត ប្រធានឃោសនាអប់រំខេត្ត អភិបាលស្រុកបាទី ឧត្តមមន្ត្រីនៃក្រសួងមហាផ្ទៃ អនុរដ្ឋលេខាធិការ រដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនា។
ក្នុងឱកាសដ៏មានអត្ថន័យនេះដែរ ឯកឧត្តម ចាយ បូរិន បានប្រគល់ជូនវត្ថុអនុស្សាវរីយ៍ជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនដល់ឯកឧត្តម ផ្លោក ផន និងសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុសក្តិសិទ្ធិក្នុងលោក សូមតាមជួយបីបាច់រក្សា ឯកឧត្តមមានសុខភាពល្អ ជន្មាយុយឺនយូរ និងជួបតែនឹងពុទ្ធពរបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីប្រែក្លាយជាប្រការដទៃឡើយ។





