ហៃទី៖ អ្នកតាមដានស្ថានការណ៍ម្នាក់មកពីសារព័ត៌មាន AFP បាននិយាយថា កាលពីថ្ងៃអង្គារប្រជាពលរដ្ឋរាប់ពាន់នាក់ បានរត់គេចចេញពីស្រុកមួយគ្រប់គ្រងដោយក្រុមជនអន្ធពាលក្នុងរដ្ឋធានីរបស់ប្រទេសហៃទី ។
ប្រជាពលរដ្ឋម្នាក់ដែលរស់នៅក្នុងស្រុក កាហ្វ័រ ហ្វឺយ (Carrefour-Feuilles) ស្ថិតនៅភាគខាងត្បូងរដ្ឋធានីព័រ អូប្រាំង( Port-au-Prince) បាននិយាយថា ពួកគេកំពុងរស់នៅក្នុងស្ថានភាពយ៉ាប់យ៉ឺនខ្លាំង បំផុត ។
លោក បានប្រាប់សារព័ត៌មាន AFP ថា លោកមិនដឹងថាត្រូវទៅទីណាទេ តែលោកត្រូវតែគេចចេញពីផ្ទះសម្បែងរបស់លោក។
យោងតាមការប៉ាន់ប្រមាណពីក្រសួងការពារជនស៊ីវិលហៃទី និងក្រុមមន្ត្រី មនុស្សយ៉ាងហោចណាស់៣.១២០នាក់ បានរត់ភៀសខ្លួនចេញពីស្រុកនេះ ។
ស្រុកមួយនេះ តែងរងការវាយប្រហារជាទៀងទាត់ដោយក្រុមជនអន្ធពាល ដឹកនាំដោយ លោក រីណេល ដេស្ទីណា( Renel Destina) ត្រូវគេស្គាល់ថា Ti Lapli ដែល ត្រូវបានក្រុមអាជ្ញាធរអាមេរិកតាមចាប់ខ្លួន ដោយសារការចាប់ជម្រិតពលរដ្ឋអាមេរិក។
ក្រុមអាជ្ញាធរហៃទី ក៏បាននិយាយផងដែរថា លំនៅឋានជាច្រើននៅក្នុងតំបន់នេះ ត្រូវបានដុតបំផ្លាញនិងមានមនុស្សបាត់បង់ជីវិតទៀតផង ប៉ុន្តែ ពួកគេពុំបានផ្ដល់ព័ត៌មានលម្អិតទេ។
គេបានមើលឃើញភាពរំជើបរំជួលបានកើតឡើងនៅតាមដងផ្លូវនានាក្នុងស្រុកនេះ កាលពីថ្ងៃអង្គារ ។ ប្រជាពលរដ្ឋខ្លះ ទូលវ៉ាស៊ីសម្លៀកបំពាក់នៅលើក្បាល ចំណែកអ្នកខ្លះទៀត ដឹកពូក និងគ្រឿងសង្ហារឹម តាមរថយន្តរបស់ពួកគេ៕

