UN៖ មន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃពុធថា ការគំរាមកំហែងវិលទៅរកសង្រ្គាមនៅក្នុងប្រទេសយ៉េម៉ែនជាថ្មី កំពុងរារាំងកិច្ចខិតខំប្រឹងប្រែង ដើម្បីចាប់ផ្តើមកិច្ចចរចាសន្តិភាព ខណៈដែលប្រទេសក្រីក្របំផុតរបស់ពិភពអារ៉ាប់ ប្រឈមមុខនឹងស្ថានភាពសេដ្ឋកិច្ចកាន់តែអាក្រក់ទៅៗ។
លោក Hans Grundberg តំណាងពិសេសរបស់UNប្រចាំប្រទេសយ៉េម៉ែន បានប្រាប់ក្រុមប្រឹក្សាសន្តិសុខថា អរិភាពរវាងពួកឧទ្ទាមហ៊ូធី (Houthi) និងកងកម្លាំងរដ្ឋាភិបាល មិនបានវិលមករកកម្រិត នៅមុនពេលបទឈប់បាញ់រយៈពេល៦ខែ ដែលបានបញ្ចប់ក្នុងខែតុលា ប៉ុន្តែលោកបាននិយាយថា ការប្រយុទ្ធគ្នាជាបន្តបន្ទាប់ និងការបាញ់តគ្នានៅវិញទៅមក បានបន្ត។
លោកបានលើកឡើងនូវតំបន់ជួរមុខចំនួន៦។ ពួកគេរាប់បញ្ចូលទាំងទីក្រុងធំបំផុតទី៣ របស់យ៉េម៉ែនគឺ ទីក្រុងតៃ (Taiz) ដែលស្ថិតនៅក្រោមការឡោមព័ទ្ធដោយពួកហ៊ូធី ចាប់តាំងពីឆ្នាំ ២០១៦។ ទីក្រុងហូដេដា ( Hodeida) ជាកន្លែងដែលកំពង់ផែសំខាន់របស់យ៉េម៉ែនស្ថិតនៅ និងខេត្តម៉ារីប ( Marib) ភាគខាងកើតសម្បូរប្រេង ដែលពួកហ៊ូឌី ប៉ុនប៉ងដណ្តើមយកក្នុងឆ្នាំ២០២១។
សង្រ្គាមស៊ីវិលនៅប្រទេសយេម៉ែន បានផ្ទុះឡើងនៅក្នុងឆ្នាំ២០១៤ នៅពេលដែលពួកហ៊ូធីគាំទ្រដោយអ៊ីរ៉ង់ បានវាយប្រហារចេញពីតំបន់ការពាររឹងមាំភាគខាងជើងរបស់ពួកគេ ហើយបានបណ្តេញរដ្ឋាភិបាលដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិចេញពីរដ្ឋធានីសាណា។ ក្រុមចម្រុះដឹកនាំដោយអារ៉ាប៊ីសាអ៊ូឌីត បានធ្វើអន្តរាគមន៍នៅឆ្នាំ២០១៥ ក្នុងនាមរដ្ឋាភិបាល ហើយនៅពេលនោះជម្លោះ បានប្រែក្លាយទៅជាសង្រ្គាមមហាអំណាចរវាងអារ៉ាប៊ីសាអ៊ូឌីត និងអ៊ីរ៉ង់៕


