គ្រូបង្វឹកក្រុមបាល់ទាត់នារីអាមេរិកលោក Vlatko Andonovski បានប្រកាសលាលែងពីតំណែងហើយ ក្រោយបរាជ័យនៅព្រឹត្តិការណ៍បាល់ទាត់នារីពិភពលោកលើទឹកដីអូស្រ្តាលី និងនូវែស៊ីឡង់។
ការសំរេចចិត្តបែបនេះ បន្ទាប់ពីក្រុមនារីអាមេរិកធ្លាក់ត្រឹមវគ្គ ១៦ ក្រុមចុងក្រោយ ពោលគឺជាស្ថិតិអាក្រក់បំផុត ដែលអាមេរិកបានឈានដល់ត្រឹមវគ្គនេះ។
ជើងឯក ៤ សម័យអាមេរិកចាប់ផ្តើមការប្រកួត World Cup របស់ខ្លួនដោយឈ្នះវៀតណាម បន្ទាប់មកស្មើពីរប្រកួតទល់នឹងហូឡង់ និងព័រទុយហ្កាល់ គ្រប់គ្រាន់ដើម្បីឡើងវគ្គបន្ត។

អាមេរិកក៏ធ្វើបានល្អដែរនៅវគ្គ ១៦ ក្រុមចុងក្រោយទល់នឹងស៊ុយអែតតែគ្មានសំណាង មុនចាញ់នៅវគ្គ ១១ ម៉ែត្រកាត់សេចក្តី។
រំលឹកថាអាមេរិកមានស្ថិតិក្នុងព្រឹត្តិការណ៍បាល់ទាត់នារីពិភពលោកយ៉ាងអន់ណាស់ បញ្ចប់នៅចំណាត់ថ្នាក់លេខ ៣។
បុរសវ័យ ៤៦ ឆ្នាំ Vlatko Andonovski ត្រូវបានតែងតាំងឱ្យដឹកនាំក្រុមនារីអាមេរិកតាំងពីខែតុលា ឆ្នាំ២០១៩ បន្តតំណែងពីលោកស្រី Jill Ellis ដែលធ្លាប់ដឹកនាំអាមេរិកឈ្នះជើងឯកពិភពលោក។
មិនត្រឹមតែបរាជ័យនៅ World Cup ទេ អាមេរិកថែមទាំងមិនអាចការពារមេដាយមាសអូឡាំពិកថែមទៀត ពោលគឺបានត្រឹមមេដាយសំរិទ្ធប៉ុណ្ណោះនៅអូឡាំពិកទីក្រុងតូក្យូប្រទេសជប៉ុន៕ អត្ថបទ៖នាង សុភាវុធ


