ភ្នំពេញ៖ គ្រូបង្រៀន និងសិស្សានុសិស្ស បានបង្ហាញការគាំទ្រ នូវគម្រោងបង្កើតមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ នៅតាមវិទ្យាល័យ របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលពួកគេបានចាត់ទុកថា គម្រោងនេះ នឹងកាន់តែធ្វើឲ្យវិស័យឌីជីថល នៅកម្ពុជាកាន់តែមានភាពរីកចម្រើន ដើរទាន់សម័យកាល ។
លោក អុក ព្រីង នាយកវិទ្យាល័យ ហ៊ុន សែន សិរីដីដុះ ស្ថិតក្នុងឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្ដាល បានលើកឡើងថា ក្រសួងអប់រំ យុវជន និងកីឡា មានការយកចិត្តទុកដាក់ មានផែនការត្រឹមត្រូវ និងកំពុងជំរុញជាខ្លាំងលើការបង្រៀន និងរៀនតាមបែបឌីជីថល ដែលជាតម្រូវការចាំបាច់មួយ ក្នុងពេលបច្ចុប្បន្ន ។
លោកនាយកបានបន្តថា ចំពោះគម្រោងរបស់ក្រសួងប្រៃសណីយ៍ បង្កើតមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ នៅតាមវិទ្យាល័យ ពិតជាផ្ដល់នូវអត្ថប្រយោជន៍ជាខ្លាំង ដល់គ្រូបង្រៀន និងសិស្ស អាចបង្កើនចំណេះដឹងលើវិស័យឌីជីថល ក៏ដូចជាសិក្សាស្រាវជ្រាវបន្ថែមលើមេរៀន ពិសេសទៀតនោះ ក៏បានផ្ដល់ឱកាសដល់ពលរដ្ឋទូទៅ បានចូលរៀនវគ្គបណ្ដុះបណ្ដាល លើផ្នែកឌីជីថលនេះ អាចប្រើប្រាស់តាមតម្រូវការរបស់ពួកគាត់ ខណៈវិទ្យាល័យនេះ ក៏បានត្រៀមដីសម្រាប់កសាងនូវមជ្ឈមណ្ឌលនេះហើយដែរ ។
សម្រាប់សិស្សានុសិស្ស កំពុងសិក្សាក្នុងវិទ្យាល័យនេះ បានបង្ហាញនូវការគាំទ្រ និងសប្បាយរីករាយជាខ្លាំង នៅពេលទទួលបានព័ត៌មាន នៃគម្រោងបង្កើតមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍នេះ ដែលនឹងអាចជួយពួកគេ អាចពង្រីកនូវចំណេះដឹង ហើយបានជួយដល់សិស្សក្រីក្រ ដែលពុំមានលទ្ធភាពបង់ថ្លៃសិក្សា លើការរៀនសូត្រជំនាញឌីជីថលនេះ ។
គួរបញ្ជាក់ថា ក្រសួងប្រៃសណីន៍ និងទូរគមនាគមន៍ កំពុងអនុវត្តគម្រោងបង្កើតមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ នៅតាមវិទ្យាល័យ ដែលគម្រោងរបស់ក្រសួងនឹងបង្កើតឲ្យបានគ្រប់វិទ្យាល័យទាំង៥៥៨ នៅទូទាំងប្រទេស ខណៈនេះកំពុងសាងសង់ដំបូងគេនៅក្នុងវិទ្យាល័យហ៊ុនសែន ១មិថុនា ស្ថិតក្នុងឃុំពារាម ស្រុកបាទី ខេត្តតាកែវ ៕អត្ថបទ បាន សុខរិទ្ធិ