កាណាដា៖ ក្រុមមន្ត្រីប្រទេសកាណាដា បានចេញបទបញ្ជាជម្លៀសពលរដ្ឋ នៅរដ្ឋធានី Yellowknife ដែនដីភាគពាយព្យ និងសហគមន៍តូចៗជាច្រើនកាលពិថ្ងៃពុធ ខណៈចំហេះព្រៃទ្រង់ទ្រាយធំ បានគំរាមកំហែងដល់ទីក្រុងទន្លេ Hay កាលពីពេលយប់។ ក្រុមជាច្រើនកំពុងធ្វើការជម្លៀស នៅតំបន់ទន្លេ Hay ជាសហគមន៍មួយមានពលរដ្ឋប្រមាណ៣.០០០នាក់ នៅលើបឹងធំ Great Slave Lake ដឹកជញ្ជូនដោយរថយន្តក្រុង ឬយន្តហោះ កាលពីយប់ថ្ងៃពុធខណៈអគ្គិភ័យខិតជិតមកដល់។
មន្ត្រីព័ត៌មានអគ្គិភ័យ លោក Mike Westwick បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានកាលពីល្ងាចថ្ងៃពុធថា នៅតំបន់ទន្លេHay បានឃើញអគ្គិភ័យ នៅភាគខាងត្បូងសហគមន៍របស់ពួកគេកើនឡើង ដែលខិតកាន់តែកៀកទីក្រុងនៅថ្ងៃនេះ។
យើងបានមើលឃើញអគ្គិភ័យមានសកម្មភាពខ្ពស់នៅក្នុងតំបន់នោះ ហើយវាកំពុងរាលដាលយ៉ាងឆាប់រហ័ស។ លោក Westwick និយាយថា អណ្តាតភ្លើង នឹងទៅដល់ទីក្រុង Yellowknife នៅចុងសប្តាហ៍នេះដោយពុំមានភ្លៀងធ្លាក់ ហើយពលរដ្ឋនៅរដ្ឋធានី កំពុងត្រូវបានស្នើសុំឲ្យចាកចេញ ជាផ្នែកមួយនៃ ការជម្លៀសតាមដំណាក់កាល ដោយចាប់ផ្តើមជាមួយសហគមន៍ដែលមានការគំរាមកំហែងខ្លាំងបំផុត។
អង្គភាពអគ្គិភ័យនៅដែនដីភាពពាយព្យ បាននិយាយថា មានហានីភ័យដល់ទីក្រុង Yellowknife ។ ក្រុមរបស់យើង រួមជាមួយទីក្រុង Yellowknife កំពុងធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបានដើម្បីពន្យឿតការកើនឡើងអគ្គិភ័យ និងការពារសហគមន៍។ ដែនដីភាគពាយព្យ បានប្រកាសរដ្ឋក្នុងគ្រាអាសន្នកាលពីល្ងាចថ្ងៃអង្គារ ហើយយោធានាកាណាដា ត្រូវបានដាក់ពង្រាយដើម្បីជួយទប់ទល់អណ្តាតភ្លើង និងដឹកជញ្ជូនពលរដ្ឋមួយចំនួនតាមយន្តហោះទៅកាន់ទីសុវត្ថិភាព៕
