កូរ៉េខាងត្បូង៖ ក្រុមអ្នកនេសាទកូរ៉េខាងត្បូងជាង១.០០០នាក់នៅតំបន់ឆ្នេរភាគខាងត្បូងនៃតំបន់ហ្គោវ៉្យុង (Goheung) បានប្រមូលផ្តុំគ្នាកាលពីថ្ងៃពុធ ដែលជាផ្នែកមួយនៃការប្រមូលផ្តុំតវ៉ានាពេលថ្មីៗនេះក្នុងចំណោមអ្នកនេសាទក្នុងស្រុក ដើម្បីប្រឆាំងនឹងគម្រោងការរបស់ប្រទេសជប៉ុន ក្នុងការការបញ្ចេញទឹកសំណល់វិទ្យុសកម្មទៅក្នុងមហាសមុទ្រ។
ក្រុមអ្នកតវ៉ាបានសង្កត់ធ្ងន់ថា ប្រសិនបើទឹកសំណល់វិទ្យុសកម្មត្រូវបានបញ្ចេញទៅក្នុងមហាសមុទ្រ ការខូចខាតនឹងកើតឡើងចំពោះប្រព័ន្ធអេកូឡូស៊ីទាំងអស់នៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក និងអ្នកនេសាទទាំងអស់ដែលរស់នៅពឹងផ្អែកលើការរកស៊ីក្នុងសមុទ្រផងដែរ។
យោងតាមការស្ទង់មតិលើមនុស្សពេញវ័យជនជាតិកូរ៉េខាងត្បូងចំនួន១.០០០នាក់ ក្នុងខែឧសភា មនុស្សចំនួន៨៥,៤ភាគរយបានប្រឆាំងនឹងការបញ្ចេញទឹកសំណល់វិទ្យុសកម្មរបស់ប្រទេសជប៉ុននេះ ខណៈដែលមនុស្ស៧២ភាគរយបាននិយាយថា ពួកគេនឹងកាត់បន្ថយការប្រើប្រាស់ផលិតផលសមុទ្រ ប្រសិនបើទឹកសំណល់ត្រូវបានបង្ហូរទៅក្នុងមហាសមុទ្រ។
ស្របពេលមានការរិះគន់យ៉ាងទូលំទូលាយពីក្នុងប្រទេស និងក្រៅប្រទេស រដ្ឋាភិបាលជប៉ុនបាននិងកំពុងជំរុញឱ្យបញ្ចេញទឹកសំណល់មានមេរោគនុយក្លេអ៊ែរ នៅរដូវក្តៅនេះ ពីរោងចក្រថាមពលនុយក្លេអ៊ែរ ហ្វ៊ូគូស៊ីម៉ា ដៃអ៊ីឈី ដែលរងការវាយប្រហារដោយការរញ្ជួយដីដ៏ធំ និងរលកយក្សស៊ូណាមិកាលពីខែមីនា ឆ្នាំ២០១១៕


