UN៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានពិភាក្សាកាលពីថ្ងៃពុធ (១៦ សីហា) អំពីការបិទដែនដីជម្លោះ ណាហ្គ័រណូ-ការ៉ាបាក់ (Nagorno-Karabakh) បន្ទាប់ពីអតីតរដ្ឋអាជ្ញានៃតុលាការព្រហ្មទណ្ឌអន្តរជាតិ ក្នុងខែនេះ បាននិយាយថា ការបិទតំបន់នេះអាចឈានទៅរក «អំពើប្រល័យពូជសាសន៍» លើប្រជាជនអាមេនីក្នុងស្រុក។
រដ្ឋមន្ត្រីការបរទេសអាមេនី លោក Ararat Mirzoyan(អារ៉ារ៉ាត មៀហ្សូយ៉ាន) បានប្រាប់ក្រុមប្រឹក្សាសន្តិសុខថា ការការពារមហន្តរាយនៅក្នុងតំបន់ គឺជាកាតព្វកិច្ចស្នូលរបស់អង្គការសហប្រជាជាតិ។ ទន្ទឹមនឹងនេះ តំណាងរបស់ប្រទេសអាស៊ែបៃហ្សង់ ប្រចាំអង្គការសហប្រជាជាតិ លោក Yashar Aliyev បានចាត់ទុកការអះអាងរបស់លោក Mirzoyan ថាជា«ការចោទប្រកាន់គ្មានភស្តុតាង និងគ្មានមូលដ្ឋានត្រឹមត្រូវ»។
មន្ត្រីជំនួយជាន់ខ្ពស់របស់អង្គការសហប្រជាជាតិ លោកស្រី Edem Wosornu បានប្រាប់ក្រុមប្រឹក្សាថា ការផ្តល់ជំនួយមនុស្សធម៌ដោយគណៈកម្មាធិការអន្តរកាកបាទក្រហមអន្តរជាតិ (ICRC) ត្រូវតែអនុញ្ញាតឱ្យបន្តឡើងវិញតាមរយៈបណ្ដាញផ្លូវដែលដំណើរការ។
ដែនដីការ៉ាបាក់ ត្រូវបានទទួលស្គាល់ជាអន្តរជាតិថាជាផ្នែកមួយនៃប្រទេសអាស៊ែបៃហ្សង់ ប៉ុន្តែប្រជាជនរបស់តំបន់នេះចំនួន១២០.០០០នាក់ គឺជាជនជាតិភាគតិចអាមេនីច្រើនលើសលប់ ហើយទឹកដីដែលនៅសេសសល់មួយរបស់តំបន់នេះភ្ជាប់ទៅនឹងប្រទេសអាមេនី គឺច្រករបៀងឡាឈីន (Lachin) ដែលត្រូវបានគ្រប់គ្រងដោយកងរក្សាសន្តិភាពរុស្ស៊ី ត្រូវបានរំខានជាលើកដំបូងនៅកាលពីខែធ្នូ៕


