ភ្នំពេញ៖ បច្ចុប្បន្នក្រុមការងារ ដោយមានភាគីពាក់ព័ន្ធជាច្រើន កំពុងបន្តចុះស្រង់ទិន្នន័យ ក្រុមគោលដៅធ្វើការសេវាកម្សាន្តក្រៅប្រព័ន្ធ ដើម្បីឈានទៅសម្ភាសន៍ផ្ដល់ប័ណ្ណសមធម៌។ នេះជាការបញ្ជាក់របស់ឯឧត្តម កែវ អ៊ូលី ប្រធាននាយកដ្ឋានអត្តសញ្ញាណកម្មគ្រួសារក្រីក្រ នៃក្រសួងផែនការ។
មន្រ្តីពាក់ព័ន្ធ និងក្រុមបណ្ដាញនៅតាមរាជធានី-ខេត្ត គឺកំពុងបន្តធ្វើការងារ ស្រង់ទិន្នន័យអ្នកមានជីវភាពក្រលំបាកធ្វើការ សេវាកម្សាន្តទេសចរណ៍ក្រៅប្រព័ន្ធនៅតាមរង្គសាល ឌីស្កូតែត ខារ៉ាអូខេ បៀរហ្កាឌិន កន្លែងម៉ាស្សា និងស្ប៉ា ដើម្បីឈានទៅសម្ភាសន៍ផ្ដល់ប័ណ្ណសមធម៌ជូន។ នេះជាការបញ្ជាក់របស់ ឯកឧត្តម កែវ អ៊ូលី ប្រធាននាយកដ្ឋានអត្តសញ្ញាណកម្មគ្រួសារក្រីក្រ នៃក្រសួងផែនការ។
ឯកឧត្តមបន្តថា សម្រាប់រាជធានី-ខេត្ត ដែលធ្វើការស្រង់ទិន្នន័យក្រុមគោលដៅរួចរាល់ អាចនឹងចាប់ផ្ដើមការសម្ភាសន៍ ក្នុងកំឡុងចុងខែសីហា រឺក្នុងខែ កញ្ញាខាងមុខ ដើម្បីឱ្យពលរដ្ឋគោលដៅ ទទួលបានអត្ថប្រយោជន៍ដែលរាជរដ្ឋាភិបាលផ្ដល់ជូន។
អត្ថប្រយោជន៍ ដែលទទួលបានក្នុងពេលបច្ចុប្បន្ននេះ គឺប័ណ្ណសមធម៌នឹងផ្ដល់ជូនការពិនិត្យព្យាបាល នៅតាមមន្ទីរពេទ្យរដ្ឋ ដោយមិនគិតថ្លៃ សម្រាប់បុគ្គលដែលទទួលបានប័ណ្ណ ក៏ដូចជាសមាជិកគ្រួសាររបស់គាត់ ដែលបានចុះក្នុងបញ្ជីប័ណ្ណសមធម៌នោះ។
មុននឹងឈានដល់ការសម្ភាសន៍ផ្ដល់ប័ណ្ណសមធម៌ជូនក្រុមគោលដៅថ្មីនេះ ឯកឧត្តមណែនាំទៅក្រុមគោលដៅត្រូវត្រៀមឯកសារចាំបាច់ ដូចជាអត្តសញ្ញាប័ណ្ណ ក៏ដូចជាសៀវភៅ រឺលិខិតបញ្ជាក់ការស្នាក់នៅឱ្យរួចរាល់ និងត្រូវមានជីវភាពក្រលំបាក។ ចំពោះអ្នកមានជីវភាពប្រសើរ អាចប្រើប្រាស់យន្តការផ្សេង ដោយបង្វែទៅទទួលយក ប័ណ្ណមូលនិធិសមធម៌សុខាភិបាលជំនួសវិញ។
គួរបញ្ជាក់ថា ក្រុមគោលដៅដែលទទួលបានប័ណ្ណសមធម៌ អាចប្រើប្រាស់ប័ណ្ណនេះបានភ្លាមៗ សម្រាប់ការទទួលសេវានៅគ្រប់មន្ទីរពេទ្យរដ្ឋដោយមិនគិតថ្លៃ។ ក្នុងការចាប់ផ្ដើមយុទ្ធនាការពីរថ្ងៃ នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំកន្លងទៅ គឺមានក្រុមគោលដៅប្រមាណជិត១០០នាក់ ទទួលបានប័ណ្ណសមធម៌៕អត្ថបទ៖ គឹមហុក