ភ្នំពេញ៖ រដ្ឋបាលខណ្ឌទួលគោក បានបន្តការយកចិត្តទុកដាក់ក្នុងការជួសជុល និងកែលម្អដងផ្លូវសាធារណៈ ឱ្យប្រែក្លាយមកជាផ្លូវកៅស៊ូស្អាតល្អ ដើម្បីបម្រើដល់ការធ្វើដំណើរទៅមកជាប្រចាំរបស់ពលរដ្ឋទាំងក្នុង និងក្រៅតំបន់ ។
លោកជា ពិសី អភិបាលខណ្ឌទួលគោក បានប្រាប់BTVឱ្យដឹងថា ហេដ្ឋារចនាផ្លូវថ្នល់ជាច្រើន នៅក្នុងមូលដ្ឋាន ត្រូវបានរដ្ឋបាលខណ្ឌ បន្តសកម្មភាពជួសជុល និងស្ថាបនាជាបន្តបន្ទាប់ ដោយមិន បណ្តែតបណ្តោយឱ្យផ្លូវមានសភាពចាស់ទ្រុឌទ្រោមយូរនោះឡើយ។
លោកបានបញ្ជាក់ថា សកម្មភាពទាំងនេះ គឺជាកាតព្វកិច្ច ដែលអាជ្ញាធរ ត្រូវបំពេញជូនពលរដ្ឋ ហើយក៏ជាការតបស្នងទៅនឹងសន្លឹកឆ្នោតរបស់ប្រជាពលរដ្ឋ ដែលបានបោះគាំទ្រគណបក្សប្រជាជនកម្ពុជា ឱ្យបន្តដឹកនាំប្រទេសទៅមុខទៀត ដើម្បីការអភិវឌ្ឍរីកចម្រើនបន្ថែម ។
ពលរដ្ឋរស់នៅក្នុងមូលដ្ឋានខណ្ឌទួលគោក បានសម្តែងនូវក្តីរីករាយចំពោះរាជរដ្ឋាភិបាល តាមរយៈ អាជ្ញាធរមូលដ្ឋាន បានបន្ត និងនាំយកមកនូវការអភិវឌ្ឍឥតឈប់ឈរជាបន្តបន្ទាប់ សម្រាប់ពលរដ្ឋ និងសង្គមជាតិ ។
នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានការអភិវឌ្ឍរីកចម្រើន ជាខ្លាំង ជាពិសេសតំបន់ជាយក្រុង ដែលបានជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ទៅតាមបរិបទនៃការ អភិវឌ្ឍនោះដែរ ៕អត្ថបទ ៖ លីហេង






