UN៖ មេបញ្ជាការកងកម្លាំងបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិនៅប្រទេសលីបង់ (UNIFIL) លោក អារ៉ូលដូ ឡាហ្សារ៉ូ សាអែន (Aroldo Lazaro Saenz) កាលពីថ្ងៃពុធ បានជំរុញឲ្យប្រទេសលីបង់ និងអ៊ីស្រាអែលចូលរួមកិច្ចពិភាក្សា ដើម្បីជៀសវាងឧប្បត្តិហេតុនៅតាមខ្សែបន្ទាត់ពណ៌ខៀវ (Blue Line)។
សេចក្តីថ្លែងការណ៍របស់UNIFIL បានដកស្រង់សម្តីលោកឡាហ្សារ៉ូ សាអែន ដោយបាននិយាយក្នុងអំឡុងពេលកិច្ចប្រជុំត្រីភាគីជាមួយមន្រ្តីជាន់ខ្ពស់មកពីកងកម្លាំងប្រដាប់អាវុធលីបង់ (LAF) និងកងកម្លាំងការពារអ៊ីស្រាអែល (IDF) នៅទីតាំងរបស់UN ក្នុងទីក្រុងរ៉ាស អាល់ ណាកូរ៉ា ( Ras al-Naqoura) ភាគខាងត្បូងប្រទេសលីបងថា៖«ប្រធាន UNIFIL បានអំពាវនាវឲ្យមានការចូលរួមនៅក្នុងកិច្ចពិភាក្សាអំពីខ្សែបន្ទាត់ពណ៌ខៀវ (Blue Line) ដើម្បីដោះស្រាយបញ្ហាដែលនៅសេសសល់មួយចំនួន»។
នៅក្នុងកិច្ចប្រជុំនេះ លោក ឡាហ្សារ៉ូ សាអែន បានសម្តែងការព្រួយបារម្ភរបស់លោកចំពោះភាពតានតឹងដែលកំពុងកើនឡើងនៅតាមព្រំដែនលីបង់-អ៊ីស្រាអែល ហើយបានអំពាវនាវឲ្យភាគីពាក់ព័ន្ធស្វែងរកការគាំទ្រពីUNIFIL ដើម្បីដោះស្រាយជម្លោះ។
សេចក្តីថ្លែងការណ៍នោះ បានឲ្យដឹងថា៖«ប្រធាន UNIFIL បានជំរុញឲ្យភាគីនានា បន្តប្រើប្រាស់យន្តការទំនាក់ទំនង និងការសម្របសម្រួលរបស់UNIFIL ខណៈពេលដែលជៀសវាងសកម្មភាពឯកតោភាគី»។
ខ្សែបន្ទាត់ពណ៌ខៀវ ដែលត្រូវបានបង្កើតឡើងដោយអង្គការសហប្រជាជាតិក្នុងឆ្នាំ ២០០០ លាតសន្ធឹងចម្ងាយ ១២០ គីឡូម៉ែត្រ និងបម្រើដើម្បីផ្ទៀងផ្ទាត់ការដកកងកម្លាំងអ៊ីស្រាអែលចេញពីភាគខាងត្បូងប្រទេសលីបង់។ វាជាខ្សែកំណត់ព្រំដែនបណ្ដោះអាសន្នរហូតដល់ប្រទេសទាំងពីរ បានបង្កើតព្រំដែនដីរបស់ខ្លួនជាផ្លូវការ៕

