ប៉ាគីស្ថាន៖ នគរបាលបានល្បាតក្នុងទីក្រុង Jaranwala ប្រទេសប៉ាគីស្ថាន បន្ទាប់ពីហ្វូងប្រជាជនមូស្លីម បានវាយប្រហារសហគមន៍គ្រិស្តសាសនាកាលពីថ្ងៃពុធ (១៦ សីហា)។
ក្រុមនគរបាល និងមេដឹកនាំសហគមន៍បាននិយាយថា ហ្វូងមនុស្សគ្មានសណ្តាប់ធ្លាប់ បានបំផ្លិចបំផ្លាញព្រះវិហារជាច្រើនកន្លែង និងបានដុតបំផ្លាញលំនៅឋានជាច្រើនខ្នង បន្ទាប់ពីបានចោទប្រកាន់សមាជិកពីរនាក់របស់ពួកគេ ពីបទប្រមាថគម្ពីរកូរ៉ាន។
កាលពីល្ងាចថ្ងៃដដែលនោះ ក្រុមអ្នកស្រុកឥស្លាមបានតវ៉ាប្រឆាំងនឹងការពន្យារពេលក្នុងការចាប់ខ្លួនជនសង្ស័យ ដែលចោទប្រកាន់ថាបានប្រព្រឹត្តការប្រមាថនេះ។
អ្នកនាំពាក្យនគរបាលលោក Naveed Ahmad បាននិយាយថា គ្រិស្តសាសនិកទាំងពីរនាក់ត្រូវបានចោទប្រកាន់ពីបទប្រមាថមើលងាយ ដោយបន្ថែមថា ពួកគេ និងសមាជិកគ្រួសារបានភៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេ។
នគរបាលបាននិយាយថា ករណីប្រឆាំងនឹងគ្រិស្តបរិស័ទនេះ ទាក់ទងនឹងទំព័រនៃគម្ពីរកូរ៉ាន ដែលបានរកឃើញ ជាមួយនឹងពាក្យប្រមាថមួយចំនួនសរសេរជាពណ៌ក្រហមនៅលើនោះផងដែរ៕

