កោះកុង ៖ គិតម៉ោង៧ព្រឹកដល់ម៉ោង១២ ថ្ងៃទី២៤ខែឧសភា ២០២១ អាជ្ញាធរ និងមន្ត្រីសុខាភិបាល បានរកឃើញមនុស្សចំនួន១១ផ្សេងទៀត មានវិជ្ជមានកូវីដ-១៩ នឹងកំពុងបន្តស្វែងបន្ថែមទៀត។
លោក ទូ សាវុធ អភិបាលរងខេត្តកោះកុង ទទួលបន្ទុកកិច្ចការចំពោះកិច្ចលើការងារទប់ស្កាត់ និងដោះស្រាយវិបត្តិកូវីដ របស់ខេត្ត បានឱ្យដឹងថា ស្រុកស្រែអំបិល កំពុងស្ថិតនៅការព្រួយបារម្ភ ខណៈអត្រារកឃើញវិជ្ជមានថ្មីចំពោះអ្នកពាក់ព័ន្ធ កាលពីថ្ងៃទី២២ ឧសភាមក។
បើតាមលោកអភិបាលរងខេត្ត ចាប់ពីព្រឹកមកដល់ម៉ោង១២នៅថ្ងៃទី២៤ ឧសភា គឺអាជ្ញាធរមន្ត្រីសុខាភិបាល បានរកឃើញមនុស្សពាក់ព័ន្ធចំនួន១១នាក់បន្ថែមទៀត ដោយសរុបមានទាំងអស់៣៤នាក់ហើយ បើធៀបនឹងកាលពីថ្ងៃទី២៣ ឧសភា រកឃើញត្រឹមតែចំនួន២៣នាក់។
ទាក់ទិនបញ្ហាប្រឈមនេះដែរ លោក ជា ច័ន្ទកញ្ញា អភិបាលស្រុកស្រែអំបិល អះអាងថា ក្រុមការងាររដ្ឋបាលស្រុកត្រៀមរួចរាល់ហើយនូវអគារសម្រាប់ពិនិត្យព្យាបាលអ្នកជំងឺកូវីដ-១៩ថ្មី នៅក្នុងបរិវេណវិទ្យាល័យស្រែអំបិល ចំនួន២អគារ មាន៨បន្ទប់។ ប្រសិនបើមន្ទីរពេទ្យបង្អែកស្រុក ខ្វះខាតទីកន្លែងព្យាបាល។
លោកអភិបាលស្រុកស្រែអំបិល ក៏បានសង្កេតឃើញថា នៅម៉ោងនេះ ប្រជាពលរដ្ឋសហការជាមួយអាជ្ញាធរមន្ត្រីជំនាញ បានល្អប្រសើរពុំមានការគេចវេះ អ្វីនោះទេ។ ទៀតសោត ប្រជាពលរដ្ឋដែលមានការសង្ស័យសុខភាព ក៏ហ៊ានរាយការណ៍ផ្តល់ព័ត៌មានមកក្រុមគ្រូពេទ្យផងដែរដោយមិនលាក់លៀមព្រោះតែក្តីបារម្ភ។
គួរកត់សម្គាល់ថា លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង សម្រេចបិទធ្វើដំណើរចរាចរណ៍ចេញចូលក្នុងឃុំចំនួន៣ នៅស្រុកស្រែអំបិល មិនប៉ះពាល់ដល់ការធ្វើដំណើរដឹកជញ្ជូនទំនិញលើកំណាត់ផ្លូវជាតិលេខ៤៨ឡើយ ព្រោះការផ្ទុះជំងឺកូវីដ មិនស្ថិតនៅតំបន់នេះ ពោលគឺបិទតែច្រកចេញចេញចូលភូមិខ្លង ភូមិវាលជើង ភូមិវាលត្បូង ភូមិត្រពាំង ភូមិត្រៀក ក្នុងឃុំស្រែអំបិល។ ភូមិសារ៉ាយ ឃុំជ្រោយស្វាយ និងភូមិសាលាម្ខាង ឃុំប្រឹងព្រាវ។
ប្រភពចម្លងរីករាលដាលជំងឺកូវីដ១៩ ២ថ្ងៃចុងក្រោយនេះ គឺបណ្តាលមកពីបុរសឈ្មោះ ម៉ន សុម៉េង អាយុ១៩ឆ្នាំ ជាកម្មកររោងចក្រធ្វើចំណីសត្វ អាយ តាវ ស្ថិតនៅភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលធ្លាប់ចូលរួមពិធីបុណ្យសពសាច់ញាតិនៅក្នុងភូមិខ្លុង ឃុំស្រែអំបិល រយៈពេល៣ថ្ងៃ កាលពីថ្ងៃទី១៤ ដល់១៦ ឧសភា កន្លងទៅ៕
អត្ថបទ ៖ ឈឹម មករា




