អាហ្សង់ទីន៖ ភាពតានតឹងបានកើតឡើងនៅលើផ្លូវហាយវេមួយក្នុងទីក្រុង ប៊ុយណូ ស៊ែរ (Buenos Aires) ប្រទេសអាហ្សង់ទីន នៅពេលដែលរថយន្តក្រុងមួយគ្រឿងបានផ្ទុះឆេះដោយមិននឹកស្មានដល់ បណ្តាលឲ្យអ្នកដំណើររត់គេចទាំងភ័យស្លន់ស្លោ កាលពីថ្ងៃពុធ (១៦ សីហា)។
អគ្គិភ័យបានកើតឡើងនៅលើផ្លូវហាយវេ General Paz ហើយត្រូវបានថតដោយកាមេរ៉ាសុវត្ថិភាពរបស់នគរបាលក្រុង ប៊ុយណូ ស៊ែរ ផងដែរ។
អគ្គិភ័យនោះបានឆាបឆេះរថយន្តក្រុងទាំងមូលយ៉ាងសន្ធោសន្ធៅ និងរាលដាលពាសពេញផ្លូវកៅស៊ូ ដោយសារតែការធ្លាយប្រេង ធ្វើឲ្យប៉ះពាល់ដល់ការធ្វើដំណើររបស់យានយន្តជាច្រើន។
ប្រភពព័ត៌មានក្នុងស្រុកបានរាយការណ៍ថា មូលហេតុនៃអគ្គិភ័យគឺបណ្តាលមកពីទុស្សេចរន្តអគ្គិសនី ហើយអគ្គិភ័យនោះត្រូវបានពន្លត់ដោយរថយន្តពន្លត់អគ្គិភ័យក្នុងស្រុក។ មិនមានមនុស្សណាម្នាក់ត្រូវបាន រងរបួសក្នុងឧបទ្ទវហេតុនោះទេ៕

