អាមេរិក ៖ ក្រុមមន្ត្រីជាន់ខ្ពស់របស់រដ្ឋបាលលោកបៃដិន ( Biden) បាននិយាយថា សហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង គ្រោងនឹងប្រកាសជំហានដំបូងក្នុងការពង្រឹងទំនាក់ទំនងសន្តិសុខទៅវិញទៅមក នៅក្នុងកិច្ចប្រជុំកំពូលក្នុងសប្តាហ៍នេះ ក្នុងរដ្ឋម៉ារីឡែនដ៍ ( Maryland) រួមទាំងការចែករំលែកព័ត៌មានអំពីការគំរាមកំហែងមីស៊ីលបាលិស្ទិកពីកូរ៉េខាងជើង និងចិន និងធ្វើសមយុទ្ធយោធារួមគ្នាជាប្រចាំ។
សកម្មភាពដែលមិនធ្លាប់មានពីមុនមក ឆ្លុះបញ្ចាំងពីអ្វីដែលក្រុមមន្ត្រី និងអ្នកវិភាគអាមេរិក និយាយថា គឺជាការរីកចម្រើនឡើងយ៉ាងខ្លាំងនៅក្នុងទំនាក់ទំនងរវាងទីក្រុងតូក្យូ និងទីក្រុងសេអ៊ូល បន្ទាប់ពីទំនាក់ទំនងដ៏តានតឹងជាច្រើនឆ្នាំ ដែលកើតចេញពីការកាន់កាប់អាណានិគមរបស់ប្រទេសជប៉ុនលើប្រទេសកូរ៉េ។ ការព្រួយបារម្ភរួមគ្នាលើសកម្មភាពបង្កហេតុអាក្រក់របស់ចិននៅក្នុងតំបន់ និងឃ្លាំងអាវុធមីស៊ីលដែលកំពុងកើនឡើងរបស់កូរ៉េខាងជើង បានជំរុញឲ្យមានទំនាក់ទំនងជាប្រវត្តិសាស្ត្រដែលអ្នកជំនាញជឿថា អាចឈានទៅដល់យុគសម័យថ្មីសម្រាប់ប្រទេសទាំងបី។
លោក Michael Auslin ដែលជាអ្នកជំនាញដ៏ល្បីនៅវិទ្យាស្ថានHoover នៃសាកលវិទ្យាល័យ Stanford បាននិយាយថា៖ «នេះជារបកគំហើញពិតប្រាកដមួយ»។
កិច្ចប្រជុំកំពូលនៅថ្ងៃសុក្រស្អែកនេះ ដោយមានលោកប្រធានាធិបតី ចូ បៃដិន ធ្វើជាម្ចាស់ផ្ទះទទួលនាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា ( Fumio Kishida) និងប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន សុក យូល (Yoon Suk Yeol) នៅឯទីវិមានសម្រាកលំហែរបស់ប្រធានាធិបតី Camp David រដ្ឋម៉ារីឡែនដ៍នោះ គឺជាកិច្ចប្រជុំដាច់ដោយឡែកលើកដំបូងក្នុងចំណោមប្រទេសទាំងបី។ កិច្ចប្រជុំកន្លងមក ត្រូវបានធ្វើឡើងនៅក្រៅវេទិកានៃសន្និសីទពហុភាគីធំៗ។ វាក៏ជាលើកទីមួយ ដែរដែលមេដឹកនាំបរទេស បានធ្វើទស្សនកិច្ចនៅវិមានសម្រាកលំហែ Camp David ចាប់តាំងពីឆ្នាំ២០១៥មក។

