អាមេរិក ៖ អ្នកសម្របសម្រួលសេតវិមានលោក Kurt Campbell កាលពីថ្ងៃពុធ (ទី១៦ ខែសីហា) បាននិយាយថា កិច្ចប្រជុំកំពូលរបស់សហរដ្ឋអាមេរិកជាមួយប្រទេសជប៉ុន និងកូរ៉េខាងត្បូង នៅថ្ងៃសុក្រ (ថ្ងៃទី១៨ ខែសីហា) នេះ នឹងរួមបញ្ចូលនូវគំនិតផ្តួចផ្តើមដ៏ធំមហិមាមួយ ដើម្បីរក្សាឲ្យមាននូវដំណើរការដ៏មានសុវត្ថិភាព រវាងសម្ព័ន្ធមិត្ត។
លោក Campbell បាននិយាយថា ទំនាក់ទំនងរបស់សហរដ្ឋអាមេរិកជាមួយប្រទេសជប៉ុន និងកូរ៉េខាងត្បូងនឹងក្លាយជា «ទំនាក់ទំនងត្រីភាគីប្រកបដោយអត្ថន័យច្បាស់លាស់ សម្រាប់សតវត្សទី២១» ដោយមន្ត្រីរដ្ឋបាលជាន់ខ្ពស់របស់អាមេរិករូបនេះ បានប្រាប់សារព័ត៌មាន Reuters ថា កិច្ចប្រជុំកំពូលនេះ នឹងចាប់ផ្តើមគំនិតផ្តួចផ្តើមរួមគ្នាស្តីពីបច្ចេកវិទ្យា និងការការពារ ចំពេលមានកង្វល់រួមគ្នា ដែលកាន់តែកើនឡើង ពាក់ព័ន្ធនឹងប្រទេសចិន និងកូរ៉េខាងជើង។
លោក Campbell បាននិយាយ នៅឯព្រឹត្តិការណ៍ Brookings Institution ថា៖ «អ្វីដែលអ្នកនឹងឃើញនៅថ្ងៃសុក្រនេះ គឺជាបណ្តុំនៃគំនិតផ្តួចផ្តើមដ៏ធំមហិមាមួយ ដែលស្វះស្វែងរកនូវសុវត្ថិភាព នៅក្នុងការចូលរួមត្រីភាគី ទាំងពេលបច្ចុប្បន្ន និងពេលអនាគត»។
កិច្ចប្រជុំកំពូល នៅឯវិមានសម្រាកលំហែរបស់ប្រធានាធិបតី Camp David ក្នុងរដ្ឋ Maryland នឹងក្លាយជាកិច្ចប្រជុំបែបឯករាជ្យលើកដំបូង រវាងសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តទាំង២ របស់ខ្លួន ហើយលោក Campbell បានបញ្ជាក់ថា ផែនការនានា នឹងត្រូវប្រកាសឲ្យដឹង ដើម្បីឲ្យកិច្ចប្រជុំនេះក្លាយជាព្រឹត្តិការណ៍ប្រចាំឆ្នាំ និងក៏ដើម្បីឲ្យមានការវិនិយោគផងដែរលើបច្ចេកវិទ្យា សម្រាប់ទំនាក់ទំនងបន្ទាន់ពាក់ព័ន្ធនឹងវិបត្តិរបស់ប្រទេសទាំង៣។
ប្រធានាធិបតីអាមេរិកលោក Joe Biden បានអញ្ជើញនាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida និងប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ទៅកាន់កន្លែងសម្រាកលំហែ Camp David ខណៈដែលប្រទេសអាស៊ីទាំង២ ប្រឹងប្រែងធ្វើការជួសជុលទំនាក់ទំនងការទូតរបស់ខ្លួន ដែលបានអាប់អួ នៅចំពោះមុខនៃការកើនឡើងនូវការគំរាមកំហែងក្នុងតំបន់៕

