ចិន ៖ ប្រទេសចិន កាលពីថ្ងៃពុធ (ទី១៦ ខែសីហា) បាននិយាយថា ការងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ខ្លួន «នឹងក្លាយជាដំណើរការរអាក់អួលនិងស្មុគស្មាញ» ប៉ុន្តែបានទទូចថា ប្រាកដណាស់ «នឹងបង្ហាញឲ្យអ្នករិះគន់លោកខាងលិចឃើញថា ពួកគេគិតខុស»។
ការលើកឡើងបែបនេះ កើតមានក្រោយពីមានចេញនូវចំនួនតួលេខថ្មីៗ ដែលធ្វើមានការបារម្ភពីការងើបឡើងវិញពុំសូវមានស្ទុះខ្លាំងក្លានៃសេដ្ឋកិច្ចរបស់ចិន ក្រោយជំងឺរាតត្បាតកូវីដ១៩ ហើយបន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បាននិយាយថា បញ្ហាសេដ្ឋកិច្ចដែលកំពុងរីកធំឡើងរបស់ប្រទេសនេះបានធ្វើឲ្យវាក្លាយទៅជា «គ្រាប់បែកកំណត់ម៉ោង»។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បាននិយាយក្នុងសន្និសីទសារព័ត៌មាន ដែលតែងធ្វើជាប្រចាំថា៖ «បន្ទាប់ពីការផ្លាស់ប្តូរដ៏រលូននៃការបង្ការ និងការគ្រប់គ្រងចំពោះជំងឺរាតត្បាត ការងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ប្រទេសចិន គឺជាដំណើរការវិវឌ្ឍ ដូចរលកទឹក និងច្របូកច្របល់ ដែលនឹងចៀសមិនរួចនោះឡើយ ក្នុងការប្រឈមនឹងការលំបាក និងបញ្ហានានា»។
តែយ៉ាងណាក្ដី លោកបានបញ្ជាក់បន្ថែមថា៖ «អ្នកនយោបាយ និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិចមួយចំនួន បាននិយាយបំផ្លើសចំពោះបញ្ហា ដែលកើតឡើងម្ដងម្កាល នៅក្នុងដំណើរការងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ប្រទេសចិន ក្រោយជំងឺរាតត្បាត។ ប៉ុន្តែនៅទីបំផុត ប្រាកដណាស់ ពួកគេ នឹងត្រូវបានបង្ហាញឲ្យឃើញថា អ្វីដែលពួកគេលើកឡើង គឺខុសស្រឡះ»៕

