ជប៉ុន ៖ ក្នុងពេលដែលកម្ដៅឡើងក្ដៅខ្លាំង នារដូវក្តៅ ក្នុងប្រទេសជប៉ុន របរលក់ផ្កាសិប្បនិម្មិតដែលកក ក្នុងដុំទឹកកក កំពុងរីកចម្រើនខ្លាំង។
ក្រុមហ៊ុន Onoda Shoten ដែលមានមូលដ្ឋាន នៅទីក្រុងតូក្យូ បានបើកស្ទូឌីយោផ្កាទឹកកករបស់ខ្លួន កាលពីឆ្នាំមុន បន្ទាប់ពីជំងឺរាតត្បាតកូវីដ១៩ បានធ្វើឲ្យធ្លាក់ចុះនូវអាជីវកម្មលក់ដុំទឹកកកដ៏សំខាន់របស់ខ្លួននេះ ហើយបានជំរុញឲ្យក្រុមហ៊ុននេះ ធ្វើការកែប្រែដ៏សំខាន់ និងរកវិធីផ្សេងទៀត ដើម្បីប្រើប្រាស់ទឹកកក។
ដើម្បីធ្វើការតាំងបង្ហាញ ធុងធំមួយត្រូវបានបំពេញដោយទឹកម៉ាស៊ីនជាមុនសិន មុននឹងដាក់ផ្កា និងវត្ថុតុបតែងផ្សេងៗទៀតនៅខាងក្នុង។ ប្រធានក្រុមហ៊ុនលោក Wataru Onoda បាននិយាយថា បន្ទាប់មកវត្ថុរាវ ត្រូវបានធ្វើឲ្យកកបន្តិចម្តងៗ ក្នុងរយៈពេលប្រហែល ២សប្តាហ៍ ដើម្បីបង្កើតបាននូវរូបរាងដ៏ថ្លាមួយ។
ការដាក់តាំងបង្ហាញ មានតម្លៃប្រហែល ៦.៦០០យ៉េន ដល់ ១១.០០០យ៉េន (៤៥ ទៅ ៧៥ដុល្លារ) អាស្រ័យតាមផលិតផលនីមួយៗ។ ក្រុមហ៊ុនទទួលបានដំណឹងល្អ សម្រាប់អាជីវកម្មលក់ដុំទឹកកកដ៏ធំរបស់ខ្លួននេះ ដោយការលក់បានកើនឡើងជិត ២ដងក្នុងឆ្នាំនេះ ធៀបនឹងឆ្នាំមុន ដោយសារការបញ្ចប់នៃការរឹតបន្តឹងទប់ស្កាត់ជំងឺកូវីដ និងអាកាសធាតុរដូវក្តៅ ដែលកម្ដៅឡើងខ្ពស់ដូចនេះ៕

