អុីស្រាអែល ៖ អ៊ីស្រាអែល បាននិយាយថា សហរដ្ឋអាមេរិកនៅពីថ្ងៃព្រហស្បតិ៍នេះ បានអនុម័តការលក់ប្រព័ន្ធការពារមីស៊ីលល្បឿនលឿនជាងសំឡេង Arrow 3 ទៅឲ្យប្រទេសអាល្លឺម៉ង់ ដែលជាកិច្ចព្រមព្រៀងយោធាដ៏ធំបំផុតមិនធ្លាប់មានរបស់ប្រទេសនេះ ដែលមានតម្លៃ ៣,៥ ពាន់លានដុល្លារ។
ប្រព័ន្ធប្រព័ន្ធការពារមីស៊ីល Arrow ៣ ជាឧបករណ៍ស្ទាក់ចាប់ដែលត្រូវបានរចនាឡើង ដើម្បីបាញ់ទម្លាក់មីស៊ីលបាលិស្ទិកពីលើបរិយាកាសផែនដី ត្រូវបានអភិវឌ្ឍន៍ និងផលិតរួមគ្នាដោយអ៊ីស្រាអែល និងសហរដ្ឋអាមេរិក។
ក្រសួងការពារជាតិអ៊ីស្រាអែល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រសួងការបរទេសសហរដ្ឋអាមេរិក បានជូនដំណឹងដល់ខ្លួនអំពីការយល់ព្រមរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកសម្រាប់ប្រទេសអាល្លឺម៉ង់ក្នុងការទិញប្រព័ន្ធArrow3នេះ ។
ក្រសួងនេះ បាននិយាយថា ក្រុមមន្ត្រីជាន់ខ្ពស់មកពីក្រសួងការពារជាតិអ៊ីស្រាអែល និងអាល្លឺម៉ង់ នឹងចុះហត្ថលេខាលើលិខិតសន្យាមួយចំពោះកិច្ចព្រមព្រៀងជាមួយនឹងការបង់ប្រាក់ដំបូងចំនួន៦០០លានដុល្លារ។

