ប៉ាគីស្ថាន ៖ នគរបាល និងសាក្សី បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ទាហានប៉ារ៉ា បានហ៊ុមព័ទ្ធនៅទីតាំងលំនៅរបស់គ្រឹស្តសាសនិកមួយកន្លែង នៅប្រទេសប៉ាគីស្ថានភាគខាងកើត ជាទីដែលក្រុមមនុស្សឥតសណ្តាប់ធ្នាប់ជាពលរដ្ឋមូស្លីមមួយក្រុម បានបំផ្លាញទ្រព្យសម្បត្តិនិងដុតព្រះវិហារច្រើនកន្លែង និងលំនៅឋានមួយចំនួន បន្ទាប់ពីបានចោទប្រកាន់ពលរដ្ឋ២នាក់ពីបទប្រមាថគម្ពីរកូរ៉ាន។
ពលរដ្ឋនិងមេដឹកនាំសហគមន៍បាននិយាយថា ការវាយប្រហារនេះ បានកើតឡើង នៅក្នុងទីក្រុង Jaranwala ក្នុងតំបន់ឧស្សាហកម្ម Faisalabad កាលពីថ្ងៃពុធ និងបានបន្តរយៈពេលជាច្រើនម៉ោងទៀត ដោយគ្មានអន្តរាគមន៍ណាមួយពីនគរបាលដែលឈរជើងនៅកន្លែងកើតហេតុ។ នគរបាលបានច្រានចោលការចោទប្រកាន់នេះ ដោយនិយាយថា កងកម្លាំងសន្តិសុខ បានរារាំងទោះបីជាស្ថានភាពធ្ងន់ធ្ងរក៍ដោយ។ ក្រុមកុប្បករ បានទាមទាសុំឲ្យអ្នកដែលត្រូវចោទប្រកាន់ទាំងពីរនាក់នោះ ដែលបានគេចខ្លួនពីលំនៅឋាន ត្រូវប្រគល់មកឲ្យពួកគេ។ ពលរដ្ឋនិយាយថា ពលរដ្ឋមូស្លីមរាប់ពាន់នាក់ ដឹកនាំដោយបុព្វជិតក្នុងតំបន់ កំពុងអនុវត្តរំពាត់ដែក ដំបង កាំបិត កាំបិតស្នៀត អំឡុងការធ្វើកុប្បកម្ម។ សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលខេត្ត បាននិយាយថា កងកម្លាំងយោធាប៉ារ៉ា ត្រូវបានដាក់ពង្រាយដើម្បីជួយដល់នគរបាលគ្រប់គ្រងស្ថានភាព។ យោងតាមសារព័ត៌មានរ៉យទ័របានឲ្យដឹងថា កងទ័ពបានហ៊ុមព័ទ្ធនៅជិតតំបន់ពលរដ្ឋគ្រឹស្តសាសនារស់នៅ ដោយបិទច្រកចេញចូលទំាងអស់ ដោយខ្សែបន្លាលួស។
សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាល បាននិយាយថា មនុស្សជាង១០០នាក់ ត្រូវបានសង្ស័យពីការជាប់ពាក់ព័ន្ធក្នុងការធ្វើកុប្បកម្ម ដែលត្រូវបានចាប់ខ្លួន ហើយការស៊ើបអង្កេតត្រូវបានចេញបញ្ជាក្នុងឧបទ្ទវហេតុនេះ។

