ស្រីលង្ការ ៖ មជ្ឈមណ្ឌលគ្រប់គ្រងគ្រោះមហន្តរាយ បាននិយាយនៅក្នុងរបាយការណ៍ស្ថានភាពចុងក្រោយនៅថ្ងៃព្រហស្បតិ៍នេះថា ពលរដ្ឋជាង៥ម៉ឺនគ្រួសារ នៅក្នុងខេត្តចំនួន៨ក្នុងចំណោមខេត្តចំនួន៩ នៅក្នុងប្រទេសស្រីលង្កា បានរងផលប៉ះពាល់ដោយអំឡុងពេលភាពរាំងស្ងួតជាទូទៅ។
មជ្ឈមណ្ឌលគ្រប់គ្រងគ្រោះមហន្តរាយ បាននិយាយថា ប្រជាជនជាង១៨០.០០០នាក់ស្ថិតនៅក្នុងគ្រួសារទាំងនេះ បានរងផលប៉ះពាល់ដោយអាកាសធាតុរាំងស្ងួតក្នុងស្ថានភាពកង្វះខាតទឹកទទួលទាន។
យោងតាមមជ្ឈមណ្ឌលបានឲ្យដឹងថា ខេត្តនៅភាគខាងកើតនិងភាគខាងជើង ទទួលរងអាកាសធាតុរាំងស្ងួតធ្ងន់ធ្ងរបំផុត។
មុននោះ រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក Mahinda Amaraweera បាននិយាយថាដីស្រែជិត១.៥០០ហិចតា ត្រូវបានបំផ្លាញ។
អាជ្ញាធរកសិកម្មកំពុងវាយតម្លៃការខូចខាតសម្រាប់សំណងដែលត្រូវបង់ទៅឲ្យកសិករ។ យោងតាមក្រសួងឧតុនិយមប្រទេសស្រីលង្ការ បានឲ្យដឹងថា អាកាសធាតុរាំងស្ងួត ដែលបណ្តាលមកពី ការខកខាននៃរដូវភ្លៀងមូសុងនៅភាគនិរតី នឹងបន្តរហូតដល់ចុងខែកញ្ញា។

