
កុមារីរងគ្រោះដោយការរំលោភសេពសន្ថវៈអាយុ ១១ឆ្នាំ នៅប្រទេសប៉េរូ ត្រូវបានអនុញ្ញាតឲ្យរម្លូតកូនចេញ កាលពីចុងសប្តាហ៍ បន្ទាប់ពីកុមារីរងគ្រោះនេះត្រូវបានបដិសេធពីដំបូងនូវនីតិវិធីនេះ ជាករណីដែលក្រុមសិទ្ធិមនុស្សនិយាយថា បង្ហាញពីកង្វះនូវការគាំទ្រដល់អនីតិជន ដែលទទួលរងការរំលោភបំពានផ្លូវភេទ។
យោងតាមរបាយការណ៍របស់នគរបាល បានឲ្យដឹងថា ក្មេងស្រីដែលត្រូវបានគេកំណត់អត្តសញ្ញាណជាសាធារណៈថា ឈ្មោះ «Mila» ត្រូវបានរំលោភអស់រយៈពេលជាច្រើនឆ្នាំដោយឪពុកចុងរបស់នាង។ កាលពីដើមខែនេះ Mila ដែលមានផ្ទៃពោះជិត ១៨សប្តាហ៍ ត្រូវបានផ្លាស់ទៅមន្ទីរពេទ្យ Amazon ក្នុងតំបន់ Loreto ដែលជាមន្ទីរពេទ្យមិនព្រមទទួលធ្វើការរម្លូតកូននោះ។
លោកស្រី Susana Chavez នាយិកាអង្គការមិនមែនរដ្ឋាភិបាលស្ត្រីនិយម PROMSEX បាននិយាយថា អ្វីដែលបានកើតមានចំពោះក្មេងស្រី Mila បង្ហាញពីការបរាជ័យរបស់រដ្ឋ ក្នុងការការពារជនរងគ្រោះវ័យក្មេងពីការរំលោភបំពានផ្លូវភេទ ដោយលោកស្រីបន្ថែមថា ទំនងជាមានករណីរំលោភលើអនីតិជនច្រើនជាងចំនួន ដែលត្រូវបានការរាយការណ៍។
ទិន្នន័យផ្លូវការបង្ហាញថា ការបង្កើតទារកដោយក្មេងស្រីៗ ដែលមានអាយុចន្លោះពី ១០ឆ្នាំ ទៅ ១៤ឆ្នាំ នៅក្នុងប្រទេសប៉េរូ បានកើនឡើង១៤ភាគរយ កាលពីឆ្នាំមុន គឺកើនដល់១,៦២៥ករណី។ ក្នុងឆមាសទី១ នៃឆ្នាំនេះ ការរំលោភផ្លូវភេទ បានកើតមានឡើងចំនួន ១៤.៥០០ករណី ដែលក្នុងនោះ ៧០ភាគរយពាក់ព័ន្ធនឹងអនីតិជន ដែលមានអាយុក្រោម ១៧ឆ្នាំ។ នៅប៉េរូ ការរម្លូតកូន គឺស្របច្បាប់ លុះត្រាតែជីវិតរបស់ម្ដាយ ស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់៕