ភ្នំពេញ៖ របាយការណ៍របស់ក្រសួងទេសចរណ៍បានចេញផ្សាយថា ប្រទេសកម្ពុជា បានចុះបញ្ជីភ្ញៀវទេសចរអន្តរជាតិចំនួន ៣.៣ លាននាក់ក្នុងរយៈពេល៧ខែនៃឆ្នាំ២០២៣ ដែលជាការកើនឡើងគួរឱ្យកត់សម្គាល់ចំនួន ៣០៨ ភាគរយពីចំនួនជាង៧៤ម៉ឺននាក់ ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
របាយការណ៍បានបន្តថា ប្រទេសថៃ បានឈរលើកំពូលតារាងក្នុងចំណោមភ្ញៀវអន្តរជាតិមកកាន់ប្រទេសកម្ពុជា ក្នុងអំឡុងខែមករាដល់ខែកក្កដា ឆ្នាំនេះ តាមពីក្រោយដោយប្រទេសវៀតណាម និងប្រទេសចិន។
យោងតាមរបាយការណ៍ដដែល ភ្ញៀវទេសចរបរទេសចំនួន១.០៦លាននាក់ បានមកទស្សនាប្រទេសកម្ពុជា តាមផ្លូវអាកាស កើនឡើង២៣៧ភាគរយ និងជាង១.៩៧ លាននាក់ តាមផ្លូវគោក និងផ្លូវទឹក កើនឡើង ៣៦២ ភាគរយ។
ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា “ផ្អែកលើតួលេខនេះ កម្ពុជាត្រូវបានគេរំពឹងថា នឹងទាក់ទាញភ្ញៀវទេសចរអន្តរជាតិយ៉ាងតិច ៥ លាននាក់នៅឆ្នាំ ២០២៣” ។
កម្ពុជាទទួលបានភ្ញៀវទេសចរបរទេសត្រឹមតែ ២,២៧ លាននាក់ក្នុងឆ្នាំ ២០២២ ៕ អត្ថបទ៖ វណ្ណៈ