ភ្នំពេញ ៖ ពលរដ្ឋដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ ក្នុងខណ្ឌចំការមន ខណ្ឌ៧មករា និងខណ្ឌច្បារអំពៅ នឹងទទួលបានការចាក់វ៉ាក់សាំងការពារជំងឺ Covid-19 ក្នុងក្របខណ្ឌទូទាំងរាជធានីភ្នំពេញ សម្រាប់ដូសទី១ ដែលនឹងចាប់ផ្តើមពីថ្ងៃទី២៥ ខែឧសភា ស្អែកនេះ រហូតដល់ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១ សម្រាប់ដូសទី២ នឹងចាប់ផ្តើមពីថ្ងៃទី៨ ខែមិថុនា រហូតដល់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ខាងមុខ តាមការអញ្ជើញរបស់អាជ្ញាធរមូលដ្ឋាន ដែលបានកំណត់ទីតាំងជូន ។
នេះបើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលបានប្រកាសកាលពីថ្ងៃទី២៣ ខែមិថុនា ម្សិលមិញនេះ ។
ក្នុងសេចក្តីជូនដំណឹង បានបញ្ជាក់ជូនថា ចំពោះបងប្អូនប្រជាពលរដ្ឋទាំងឡាយណា ដែលមានបញ្ហាសុខភាពដូចជា ក្តៅខ្លួន ក្អក កណ្តាស់ ផ្តាសាយ ពិបាកដកដង្ហើម ឬរោគសញ្ញាផ្សេងៗទៀត សូមអញ្ជើញទៅយកសំណាកវិភាគមេរោគ Covid-19 ជាមុនសិន ចៀសវាងប៉ះពាល់ក្រុមគ្រូពេទ្យ ប្រជាពលរដ្ឋដទៃ និងដំណើរការនៃការចាក់វ៉ាក់សាំងការពារជំងឺ Covid-19 ក្នុងមូលដ្ឋាននីមួយៗ ។
ទន្ទឹមនឹងនេះ រដ្ឋបាលរាជធានីភ្នំពេញ សូមក្រើនរំលឹក និងអំពាវនាវសារជាថ្មីម្តងទៀត ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលត្រូវទៅទទួលយកវ៉ាក់សាំងការពារជំងឺ Covid-19 ត្រូវរក្សាអោយបានដាច់ខាតនូវគម្លាតសុវត្ថិភាពសង្គម ពាក់ម៉ាស់ តម្រង់ជួរ ចៀសវាងការឈរប្រជ្រៀតគ្នា កៀកគ្នា ណែនណាន់តាន់តាប់ ដោយត្រូវប្រកាន់ខ្ជាប់ការចូលរួមអនុវត្តវិធានការសុខាភិបាល និងវិធានការ ៣ការពារ ៣កុំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឈរលើស្មារតីស្រឡាញ់ជាតិ សហគមន៍ គ្រួសារ និងអាយុជីវិតផ្ទាល់ខ្លួន ក្នុងឆន្ទៈរួមគ្នាជាធ្លូងមួយ ដើម្បីឈានទៅកាន់ផ្តាច់ និងលុបបំបាត់ការឆ្លងរាលដាលជំងឺ Covid-19 ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ អោយបានឆាប់ៗ នាពេលខាងមុខ ៕
អត្ថបទ ៖ ជៀប សម្បត្តិ