អាមេរិក៖ មន្ត្រីសហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិក បានអនុម័ត ការបញ្ជូនយន្តហោះប្រយុទ្ធ F-16 ទៅកាន់ប្រទេសអ៊ុយក្រែនពីប្រទេសដាណឺម៉ាក និងប្រទេសហូឡង់ ដើម្បីការពារប្រឆាំងអ្នកឈ្លានពានរុស្ស៊ី ភ្លាមៗបន្ទាប់ពីការបណ្តុះបណ្តាលអាកាសយានិកបានបញ្ចប់។
មន្ត្រីនិយាយថា រដ្ឋមន្ត្រីការបរទេស លោក Antony Blinken បានផ្ញើរលិខិតទៅកាន់ភាគីដាណឺម៉ាក និងហូឡង់ដោយផ្តល់ការធានាថាសហរដ្ឋអាមេរិក នឹងរួសរាន់អនុម័តការផ្ទេរនូវសំណើរសុំយន្តហោះF-16 ទៅកាន់ប្រទេសអ៊ុយក្រែន នៅពេលដែលអាកាសយានិកត្រូវបានបណ្តុះបណ្តាល។
ប្រទេសដាណឺម៉ាក និងប្រទេសហូឡង់ កាលពីពេលថ្មីៗនេះបានស្នើសុំសម្រាប់ការធានាទាំងនោះ។ សហរដ្ឋអាមេរិកត្រូវតែអនុម័តការផ្ទេរយន្តហោះយោធាពីសម្ព័ន្ធមិត្តរបស់ខ្លួនទៅឲ្យអ៊ុយក្រែន។
លោក Bliken បាននិយាយនៅក្នុងលិខិតមួយច្បាប់ទៅកាន់មន្ត្រីប្រទេសទាំងពីរថា ខ្ញុំសរសេរលិខិតនេះដើម្បីបញ្ជាក់ថា សហរដ្ឋអាមេរិក គាំទ្រពេញទំហឹងសម្រាប់ប្រទេសទាំងពីរក្នុងការផ្ទេរយន្តហោះប្រយុទ្ធ F-16 ទៅឲ្យប្រទេសអ៊ុយក្រែន សម្រាប់ការបណ្តុះបណ្តាលអាកាសយានិកអ៊ុយក្រែនតាមរយៈគ្រូបណ្តុះបណ្តាល យន្តហោះ F-16 ដែលមានសមត្ថភាព៕

