កាណាដា៖ ក្រុមពន្លត់អគ្គិភ័យរបស់ប្រទេសកាណាដាកាលពីថ្ងៃព្រហស្បតិ៍ទី ១៧ ខែសីហាបានព្យាយាមទប់ស្កាត់អណ្ដាតភ្លើងពីចំហេះព្រៃ កុំឲ្យរាលដាលដល់ទីក្រុង Yellowknife ភាគខាងជើង ជាទីដែលអ្នកស្រុកទាំងអស់ចំនួន ២០.០០០ នាក់ កំពុងចាកចេញតាមរថយន្ត និងយន្តហោះបន្ទាប់ពីបញ្ជាជម្លៀសត្រូវបានប្រកាស។
យន្តហោះទម្លាក់ទឹក បានហោះទាបពីលើទីក្រុងYellowknife ខណៈផ្សែងក្រាស់បានគ្របដណ្តប់រដ្ឋធានីនៃដែនដីភាគពាយ័ព្យដ៏ធំ និងមានប្រជាជនតិច។ ក្រុមមន្ត្រីបាននិយាយថា ភ្លើងដែលកំពុងរំកិលបន្តិចម្តងៗ ពេលនេះស្ថិតនៅចម្ងាយ ១៥ គីឡូម៉ែត្រភាគពាយ័ព្យនៃទីក្រុងនេះ ហើយអាចទៅដល់ជាយក្រុងនៅថ្ងៃសៅរ៍ ប្រសិនបើមិនមានភ្លៀងធ្លាក់។
សេវាកម្មពន្លត់អគ្គិភ័យក្នុងតំបន់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើបណ្ដាញសង្គម Facebook ថា រយៈពេលដ៏លំបាកបំផុតនៅប៉ុន្មានថ្ងៃនៅខាងមុខ ដែលនឹងមានខ្យល់ខ្លាំងរយៈពេលពីរថ្ងៃពីភាគពាយ័ព្យទៅខាងលិច នៅថ្ងៃសុក្រ និងថ្ងៃសៅរ៍សប្ដាហ៍នេះ។
នៅក្នុងខេត្ត British Columbia ស្ថិតនៅប៉ាស៊ីហ្វិក ដែលបានទទួលរងចំហេះព្រៃដ៏ខ្លាំងខុសពីធម្មតាក្នុងឆ្នាំនេះ ដោយក្រុមមន្ត្រីបានព្រមានអ្នកស្រុកឲ្យត្រៀមខ្លួនសម្រាប់ស្ថានភាពចំហេះព្រៃដ៏ធ្ងន់ធ្ងរ ។
លោកនាយករដ្ឋមន្ត្រី ចាស្ទីន ទ្រូដូ (Justin Trudeau)បានរៀបចំកិច្ចប្រជុំមួយនៃក្រុមឆ្លើយតបឧបទ្ទវហេតុ ដើម្បីពិភាក្សាពីភ្លើងឆេះព្រៃ៕

