កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣នេះ លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ នៅក្នុងស្រុកកំពង់លែង ស្រុកជលគីរី និងស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង កុំអោយចូលទន្ទ្រានឈូសឆាយយកដីតំបន់៣ធ្វើជាកម្មសិទ្ធិតាមការញុះញង់ពីក្រុមជនមួយក្តាប់តូចនោះ នឹងត្រូវចាប់ខ្លួន ហើយទទួលទោសទៅតាមច្បាប់ជាធរមាន ព្រោះមិនមានការផ្តល់ដីទាំងនោះអោយឡើយ ក្រោយបងប្អូនបានព្រមប្រគល់អោយរដ្ឋវិញកាលពីពេលកន្លងទៅហើយនោះ។
លោក ងិន ហ៊ុន បានបញ្ជាក់យ៉ាងច្បាស់ថា៖ ថ្មីៗកន្លងទៅនេះ មានពាក្យចចាមរាមពីក្រុមជនមួយក្តាប់តូច ដោយអោយប្រជាពលរដ្ឋចូលទៅឈូសឆាយយកដីតំបន់៣ជាថ្មីទៀត ដែលធ្វើអោយដីព្រៃលិចទឹកក្នុងតំបន់៣រាប់រយហិកតា ត្រូវបានពួកគេឈូសបំផ្លាញ។ ក្រោយពីបានដឹងអំពីសកម្មភាពឈូសឆាយនេះភ្លាមៗ មន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចំនួន៧សំណុំរឿង ហើយបងប្អូនដែលបានប្រព្រឹត្តិនូវសកម្មភាពឈូសឆាយបំផ្លាញព្រៃលិចទឹកក្នុងតំបន់៣នោះ មិនអាចគេចផុតពីច្បាប់ឡើយ ដោយខាងមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តកំពង់ឆ្នាំង មិនអត់¬អោនអោយជនទាំងនោះទេ ព្រោះដីព្រៃលិចទឹកក្នុងតំបន់៣ទាំងនោះបានចុះបញ្ជីលក្ខណៈប្រព័ន្ធជាដីព្រៃលិចទឹករបស់រដ្ឋរួចហើយ និងមានប្លង់រឹងត្រឹមត្រូវតាមច្បាប់។លោក ងិន ហ៊ុន បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ នៅក្នុងស្រុកកំពង់លែង ស្រុកជលគីរី និងស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង កុំអោយចូលទន្ទ្រានឈូសឆាយយកដីតំបន់៣ធ្វើជាកម្មសិទ្ធិតាមការញុះញង់ពីក្រុមជនមួយក្តាប់តូចនោះ នឹងត្រូវចាប់ខ្លួន ហើយទទួលទោសទៅតាមច្បាប់ជាធរមាន ។
គួររំលឹកថា៖ ក្រោយពីបទបញ្ជារសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អោយអន្តរក្រសួង រួមនិងអាជ្ញាធរខេត្តចុះដកហូតដីព្រៃលិចទឹកតំបន់៣កាលពីអំឡុងចុងឆ្នាំ២០២១រួចមក នៅក្នុងខេត្តកំពង់ឆ្នាំងបានដកហូតដីព្រៃលិចទឹកក្នុងតំបន់៣បានប្រមាណជាង៦ម៉ឺនហិកតា ក្នុងនោះមាននៅក្នុងស្រុកជលគីរីប្រមាណជាង៤ពាន់ហិកតា ក្នុងស្រុកបរិបូណ៌មានប្រមាណជាង៨ពាន់៨រយហិកតា និងស្រុកកំពង់លែងមានប្រមាណជាង៥ម៉ឺនហិកតា ដោយដីព្រៃលិចទឹកក្នុងតំបន់៣ទាំងជាង៦ម៉ឺនហិកតានោះ បានចុះបញ្ជីជាកម្មសិទ្ធិរបស់រដ្ឋរួចជាស្ថាពរ និងមានបណ្ណកម្មសិទ្ធិត្រឹមត្រូវតាមច្បាប់ ៕ កាំង ហុងវាស្នា















