ក្រុមបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម ២៣ឆ្នាំកម្ពុជា បានទទួល ៣ពិន្ទុពេញ ក្នុងជំនួបបើកឆាកពូលA នៃការប្រកួតជម្រើសជើងឯកយុវជនអាស៊ាន AFF U23 Championship 2023 ក្រោយយកឈ្នះក្រុមជម្រើសជាតិ U23 ប្រ៊ុយណេ ៥-០ កាលពីល្ងាចថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ នៅប្រទេសថៃ ។
ការប្រកួតដំបូង នៅកីឡដ្ឋានរយ៉ងនេះ ក្រោយចាប់ផ្ដើមលេងបាន ៦នាទី កីឡាករ ស រតនា បានតែតបញ្ចូលទីគ្រាប់នាំមុខឲ្យកម្ពុជា មុនអ្នកចាំទី U23 ប្រ៊ុយណេ កីឡាករ Muhammad Jefri Syafiq ចាប់ក្រឡកភ្លាត់ចូលទីខ្លួនឯង(Own Goal) ១គ្រាប់ទៀត នៅនាទីទី៩ បន្ទាប់ពីការទាត់បាល់ពីលើប្រអប់ទីរបស់កីឡាករ សារ ទី ដែលនាំឲ្យក្រុមគោព្រៃជំទង់កម្ពុជា នាំមុខ ២-០ នៅវគ្គទី១ ។
ចូលវគ្គទី២ កម្ពុជានៅតែបន្ដដាក់សម្ពាធ រហូតរកបាន ៣គ្រាប់បន្ថែមទៀត ដោយកីឡាករ ស រតនា តាមរយៈការតែតបញ្ចូលទីដូចគ្រាប់ដំបូងរបស់ខ្លួន នៅនាទី៥០ មុនកីឡាករវ័យក្មេង មាន ចាន់រិទ្ធ ស៊ុតបញ្ចប់ទីគ្រាប់ទី៤ នៅនាទី៧៣ និងគ្រាប់ចុងក្រោយកើតឡើងចុងម៉ោង ដែលធ្វើសម្រេចដោយកីឡាករ អ៊ាន ពិសី ។
ជ័យជម្នះ ៥-០ នេះ បានធ្វើឲ្យក្រុមគោព្រៃជំទង់កម្ពុជា បន្ដកំណត់ត្រាឈ្នះច្រើនគ្រាប់លើក្រុមជម្រើសជាតិ U23 ប្រ៊ុយណេ និងរក្សាសំណាញ់ទីមិនឲ្យរបូតគ្រាប់បាល់ឡើយ ក្នុងប្រវត្តិជួបគ្នា ២លើកចុងក្រោយ នៃពានរង្វាន់យុវជនប្រចាំតំបន់មួយនេះ បន្ទាប់ពីជួបគ្នា កាលពីឆ្នាំមុន ក្រុម U23 កម្ពុជា បានយកឈ្នះក្រុម U23 ប្រ៊ុយណេ ដោយលទ្ធផល ៦-០ នៅពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ ។
ក្រឡេកមកមួយគូទៀតនៅក្នុងពូល A នេះដែរក្រុមម្ចាស់ផ្ទះក៏រកបានបីពិន្ទុពីការប្រកួតទី ១ របស់ខ្លួនផងដែរក្រោយជ័យជំនះលើក្រុម U23 មីយ៉ានម៉ា ៣-០។
បីគ្រាប់របស់ថៃសម្រេចបានដោយ Phodchara Chainarong នៅនាទីទី ២១ មុនពេលដែល Chudit Wanpraphao បន្ថែមគ្រាប់ទីពីរនៅនាទីទី ៣២។
ហៀបនឹងចប់ការប្រកួតទៅហើយ Yotsakorn Burapha ក៏រកបានគ្រាប់ចុងក្រោយឱ្យក្រុម U23 ថៃយកឈ្នះមីយ៉ាន់ម៉ា ៣-០ ឈរលេខ ២ ក្នុងពូល A ពីក្រោមកម្ពុជា។
ប្រកួតបន្ទាប់ ក្រុមជម្រើសជាតិ U23 កម្ពុជា នឹងបន្ដជួបក្រុម U23 មីយ៉ាន់ម៉ាវិញម្ដង នាថ្ងៃទី១៩ ខែសីហាស្អែក នេះខណៈថៃជួបព្រុយណេ ដែលនឹងមានការផ្សាយបន្ដផ្ទាល់លើកញ្ចក់ទូរទស្សន៍ BTV-News៕ អត្ថបទ៖ លី ឈុនឡា


