តាលីបង់៖ អ្នកនាំពាក្យរបស់ក្រសួងសំខាន់មួយនៃរដ្ឋាភិបាលតាលីបង់របស់ប្រទេសអាហ្វហ្គានីស្ថាន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ស្ត្រីបាត់បង់តម្លៃ ប្រសិនបើបុរសអាចមើលឃើញមុខរបស់ពួកគេនៅទីសាធារណៈ ដោយបន្ថែមថា ក្រុមអ្នកប្រាជ្ញផ្នែកសាសនា នៅក្នុងប្រទេសនេះ យល់ស្របថា ស្ត្រីត្រូវតែបិទមុខ នៅពេលនៅខាងក្រៅផ្ទះ។
ពួកតាលីបង់ដែលបានចូលកាន់កាប់ប្រទេសនេះក្នុងខែសីហា ឆ្នាំ ២០២១ បានលើកឡើងពីការបរាជ័យរបស់ស្ត្រីក្នុងការសង្កេតមើលវិធីត្រឹមត្រូវ ក្នុងការពាក់ហ៊ីចាប ឬ ស្បៃឥស្លាម ដែលជាហេតុផលសម្រាប់ការរារាំងពួកគេពីកន្លែងសាធារណៈភាគច្រើន ក្នុងនោះមានសួនឧទ្យាន កន្លែងការងារ និងសាកលវិទ្យាល័យ។ .
លោកម៉ូល ម៉ូហាមេដ សាឌីក អាគីហ្វ (Molvi Mohammad Sadiq Akif) អ្នកនាំពាក្យរបស់ក្រសួងបាបធម៌ និងគុណធម៌របស់តាលីបង់ បាននិយាយនៅក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃព្រហស្បតិ៍ជាមួយសារព័ត៌មាន APថា ប្រសិនបើមុខរបស់ស្ត្រីអាចមើលឃើញ នៅទីសាធារណៈ នោះនាំឲ្យមានលទ្ធភាពនៃការបែកបាក់ ( Fitnah) ឬ ធ្លាក់ចូលទៅក្នុងអំពើបាប។
លោកអាគីហ្វ បាននិយាយថា៖«វាពិតជាអាក្រក់ណាស់ ដែលឃើញស្ត្រី (ដោយគ្មានពាក់ហ៊ីចាប) នៅក្នុងតំបន់មួយចំនួន (ទីក្រុងធំ) ហើយអ្នកប្រាជ្ញរបស់យើង ក៏យល់ស្របថា មុខរបស់ស្ត្រីគួរតែត្រូវបានលាក់បាំង។ វាមិនមែនថា មុខរបស់នាង អាក្រក់ ឬមានរបួសស្នាមអ្វីទេ។ មនុស្សស្រីមានតម្លៃខ្លួនឯង ហើយតម្លៃនោះ ធ្លាក់ចុះដោយសារបុរសសំឡឹងមើលមុខនាង។ ព្រះអាឡោះ ផ្តល់ការគោរពចំពោះស្ត្រីដែលពាក់ហ៊ីចាប ហើយតម្លៃ គឺស្ថិតនៅត្រង់នេះ៕


