ខ្សែបម្រើក្លិបអាល្លឺម៉ង់ Stuttgart, Wataru Endo ត្រូវបានអនុញ្ញាតឲ្យហោះហើរមកកាន់ទឹកដីអង់គ្លេស ដើម្បីចរចា និងពិនិត្យសុខភាព មុនការផ្លាស់ផ្លូវការមកកាន់ហង្សក្រហម Liverpool នេះបើតាមការបញ្ជាក់របស់ក្លិបនៅ Bundesliga មួយនេះ។
គ្រូបង្វឹក Stuttgart លោក Sebastian Hoeness បាននិយាយថា Liverpool បានដាក់សំណើផ្លូវការមកកាន់ក្លិប ដើម្បីនាំយកកីឡាករវ័យ ៣០ ឆ្នាំដែលជាប្រធានក្រុមរបស់ Stuttgart និងចូលលេងទាំង ៤ ប្រកួតឱ្យជប៉ុននៅ World Cup 2022 នៅកាតាឆ្នាំមុន។

Wataru Endo បានផ្លាស់មកកាន់ Stuttgart តាំងពីឆ្នាំ ២០២០ ផ្ទេរពីក្លិបប៊ែលហ្ស៊ិក Sint-Truiden និងបានចូលលេងឱ្យ Stuttgart សរុប ៩៩ ប្រកួតរកបាន ១២ គ្រាប់ បូករួមទាំង ៥ គ្រាប់ក្នុងការបង្ហាញខ្លួន ៣៣ ប្រកួតនៅ Bundesliga រដូវកាលមុនដែល Stuttgart គេចផុតពីការកាត់ចេញទៅក្របខណ្ឌទី ២៕ អត្ថបទ៖នាង សុភាវុធ
