អាមេរិក៖ យោងតាមរបាយការណ៍កាលពីថ្ងៃច័ន្ទរបស់ Wall Street Journal សហរដ្ឋអាមេរិកបានមើលឃើញការកើនឡើងខ្ពស់នៃចំនួនអ្នកគ្មានផ្ទះសម្បែងរហូតមកដល់ពេលនេះនៅឆ្នាំនេះ ដោយសារតែការធ្លាក់ចុះនៃសេដ្ឋកិច្ច និងការកើនឡើងនៃតម្លៃទំនិញដែលប៉ះពាល់ជីវភាពរស់នៅ។
យោងតាមទិន្នន័យរបស់សារព័ត៌មាននេះ បានមកពីអង្គភាពជាង ៣០០ ដែលរាប់ទាំងចំនួនមនុស្សគ្មានផ្ទះសម្បែងនៅតាមតំបន់នានាចាប់ពីទីក្រុងនានារហូតដល់បណ្ដារដ្ឋទាំងអស់របស់សហរដ្ឋអាមេរិក ហើយចំនួនសរុបនៅពេលនេះរួមមានមនុស្សគ្មានផ្ទះសម្បែងជាង ៥៧៧. ០០០ នាក់។
យោងតាមទិន្នន័យខាងលើ ចំនួនអ្នកគ្មានផ្ទះសម្បែងបានកើនឡើងប្រហែល១១ ភាគរយធៀបនឹងឆ្នាំមុន ដែលជាការកើនឡើងយ៉ាងខ្លាំងចាប់តាំងពីការតាមដានបានចាប់ផ្តើមកាលពីឆ្នាំ ២០០៧។ ការកើនឡើងខ្ពស់បំផុតទីពីរត្រូវបានគេមើលឃើញកាលពីឆ្នាំ ២០១៩ គិតជាតួលេខនៅពេលនោះ ស្មើរ ២,៧ភាគរយ។
ជាងនេះទៅទៀត សារព័ត៌មាននេះបានកត់សម្គាល់ថា ដោយសារមានមនុស្សអនាថាមួយចំនួនធំដែលមិនត្រូវបានរាប់បញ្ចូលក្នុងការស្ទង់ចំនួននោះ ចំនួនពិតប្រាកដអាចនឹងមានច្រើនជាងនេះ។
ទិន្នន័យពីប្រភពផ្សេងទៀតក៏បានបង្ហាញដែរថាប្រហែល៣០%នៃអ្នកគ្មានផ្ទះសម្បែងមានមូលដ្ឋាននៅរដ្ឋកាលីហ្វ័នីរញ៉ា។ ការស្ទង់ក្នុងស្រុកបង្ហាញថា អ្នកគ្មានផ្ទះសម្បែងជាច្រើននៅទីនោះមានបញ្ហាសុខភាពធ្ងន់ធ្ងរ ហើយស្ទើរតែមិនអាចទទួលបានសេវាវេជ្ជសាស្រ្ត៕

