បេឡារុស៖ ប្រធានាធិបតីបេឡារុស លោក អាឡិចសាន់ឌឺ លូកាសិនកូ (Alexander Lukashenko) បាននិយាយថា ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) មិនបានជំរុញប្រទេសបេឡារុសឲ្យចូលរួមក្នុងសង្គ្រាមនៅអ៊ុយក្រែននោះទេ ប៉ុន្តែលោកបានព្រមានថា ទីក្រុងមីនស្ក៍ (Minsk) នឹងឆ្លើយតបទៅនឹងការឈ្លានពានពីខាងក្រៅ រួមទាំងការប្រើប្រាស់អាវុធនុយក្លេអ៊ែររបស់រុស្ស៊ី ដែលដាក់ពង្រាយនៅក្នុងប្រទេសរបស់ខ្លួន។
នៅក្នុងបទសម្ភាសន៍តាមប្រព័ន្ធអ៊ីនធឺណិត ដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ លោកលូកាសិនកូ បាននិយាយថា លោកជឿថា លោកពូទីន បានសម្រេចគោលដៅរបស់ខ្លួន នៅអ៊ុយក្រែន ហើយថា ទីក្រុងគីវ និងទីក្រុងមូស្គូ គួរតែអង្គុយតុចរចា ហើយត្រៀមខ្លួន ដើម្បីពិភាក្សាពីបញ្ហាទាំងអស់រួមទាំងអនាគតនៃតំបន់គី្រម៉េ ( Crimea) និងទឹកដីអ៊ុយក្រែនផ្សេងទៀត ដែលរុស្ស៊ីអះអាងសិទ្ធិ។
លោកបាននិយាយថា៖«ការចរចា គួរតែចាប់ផ្តើម ដោយគ្មានលក្ខខណ្ឌជាមុន។ នេះគឺជាប្រពៃណីនៃការទូតណាមួយ។ ខ្ញុំក៏គឹតចឹងដែរ។ យើងត្រូវអង្គុយនៅតុចរចា ហើយពិភាក្សារឿងគ្រប់យ៉ាង រួមមានតំបន់ គ្រីម៉េ និងឃើសុន ( Kherson) ហ្សាប៉ូរីហ្សា ( Zaporizhia) , ដូណិតស្ក៍ (Donetsk) និងលូហានស្ក៍ (Luhansk)។ អ្វីគ្រប់យ៉ាងនៅទីនោះ ត្រូវតែពិភាក្សា»។
លោក លូកាសិនកូ ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតមួយរបស់លោកពូទីន ដែលប្រទេសខ្លួនមានព្រំប្រទល់ជាប់ប្រទេសឹអ៊ុយក្រែន រុស្ស៊ី និងប្រទេសបីរបស់អង្គការណាតូ រួមទាំងប៉ូឡូញ បាននិយាយថា មេដឹកនាំរុស្ស៊ីរូបនេះ មិនមានហេតុផលពាក់ព័ន្ធនឹងបេឡារុសដោយផ្ទាល់នៅក្នុងជម្លោះនោះទេ៕


