ក្រុមបាល់ទាត់ជម្រើសជាតិអារ៉ាប៊ីសាអ៊ូឌីត នឹងលេងការប្រកួតមិត្តភាពអន្តរជាតិពីរប្រកួតនៅលើទឹកដី St. James Park របស់ Newcastle។
អារ៉ាប៊ីសាអ៊ូឌីត នឹងជួបជាមួយកូស្តារីកានៅថ្ងៃសុក្រទី ៨ ខែកញ្ញា មុនបន្តជួបកូរ៉េនៅថ្ងៃទី ១២ ខែដដែល។
Newcastle ស្ថិតក្រោមការវិនិយោគ និងកាន់កាប់ភាគហ៊ុនធំ ៨០% ដោយមូលនិធិវិយោគសាធារណៈ PIF របស់អារ៉ាប៊ីសាអ៊ូឌីត។

ការប្រកួតមិត្តភាពពីរប្រកួតខាងលើ គឺជាផ្នែកមួយនៃការត្រៀមខ្លួនរបស់អារ៉ាប៊ីសាអ៊ូឌីតសម្រាប់ព្រឹត្តិការណ៍បាល់ទាត់ជើងឯកទ្វីបអាស៊ី AFC Asian Cup 2024។
រំលឹកថា Newcastle និង Premier League ធ្លាប់បានអះអាងថា ម្ចាស់ភាគហ៊ុនធំរបស់ Newcastle គឺដាច់ដោយឡែកមិនពាក់ព័ន្ធជាមួយរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីតឡើយ នៅពេលដែលកិច្ចព្រមព្រៀងកាន់កាប់ក្លិបបានសម្រេច។
ការកាន់កាប់ភាគហ៊ុន ៨០% ដោយ PIF បានបង្ហាញពីភាពចម្រូងចម្រាស ដោយសារតែកំណត់ត្រាសិទ្ធិមនុស្សមិនល្អរបស់ប្រទេសអារ៉ាប៊ីសាអូឌីត ហើយអង្គការសិទ្ធិមនុស្ស Amnesty International ធ្លាប់បានអំពាវនាវឱ្យមានការពិនិត្យមើលឡើងវិញដោយ Premier League កាលពីដើមឆ្នាំ៕ អត្ថបទ៖នាង សុភាវុធ
