កូរ៉េខាងត្បូង៖ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់ប្រទេសកូរ៉េខាងត្បូង បានប្រាប់សមាជិកសភា កាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសកូរ៉េខាងជើងកំពុងរៀបចំសម្រាប់ការបង្ហាញសញ្វអាវុធបង្កហេតុជុំថ្មីមួយ ដូចជាការធ្វើតេស្តមីស៊ីលរយៈចម្ងាយឆ្ងាយ និងការបាញ់បង្ហោះផ្កាយរណបចារកម្ម ខណៈដែលប្រទេសនេះ បង្កើនសកម្មភាពខុសច្បាប់ ដើម្បីគាំទ្រដល់សេដ្ឋកិច្ចដ៏ផុយស្រួយរបស់ខ្លួន។
ភាពលំបាកខាងសេដ្ឋកិច្ចរ៉ាំរ៉ៃរបស់កូរ៉េខាងជើង និងកង្វះស្បៀងអាហារ បានកាន់តែអាក្រក់ទៅៗ ដោយសារតែជំងឺរាតត្បាត COVID-19 និងការដាក់ទណ្ឌកម្មរបស់UN។ ប៉ុន្តែប្រទេសនេះ នៅតែបានធ្វើការសាកល្បងមីស៊ីលជាច្រើនគ្រាប់ ចាប់តាំងពីឆ្នាំមុន ចំពេលមានការសង្ស័យថា កម្មវិធីអាវុធរបស់ខ្លួន ត្រូវបានផ្តល់មូលនិធិដោយសកម្មភាពអ៊ីនធឺណិតខុសច្បាប់ និងការលាក់បាំងការនាំចេញសម្ភារៈហាមឃាត់។
សេវាស៊ើបការណ៍សម្ងាត់ជាតិនោះ បានប្រាប់ក្រុមសមាជិកសភានៅក្នុងសន្និសីទបិទទ្វារថា សេដ្ឋកិច្ចរបស់ប្រទេសកូរ៉េខាងជើង បានធ្លាក់ចុះជារៀងរាល់ឆ្នាំក្នុងឆ្នាំ ២០២០-២០២២ ហើយផលិតផលក្នុងស្រុកសរុបរបស់ខ្លួនកាលពីឆ្នាំមុន គឺតិចជាង ១២ ភាគរយ ក្នុងឆ្នាំ ២០១៦ នេះបើយោងតាម លោក យ៉ូ សាងប៊ុម( Yoo Sang-bum) ដែលជាសមាជិកសភាម្នាក់ ដែលបានបានចូលរួមសន្និសីទនោះ។
ក្រុមអ្នកជំនាញខាងក្រៅ ជឿថា កង្វះខាតស្បៀងអាហារ និងបញ្ហាសេដ្ឋកិច្ចនាពេលបច្ចុប្បន្នរបស់ប្រទេសកូរ៉េខាងជើង គឺអាក្រក់បំផុត ចាប់តាំងពីមេដឹកនាំគីម ជុងអ៊ុន ឡើងកាន់អំណាចនៅចុងឆ្នាំ ២០១១។ ប៉ុន្តែពួកគេនិយាយថា មិនមានសញ្ញាណាមួយនៃគ្រោះទុរភិក្ស ឬចលាចលសាធារណៈដ៏ធំដែលអាចគំរាមកំហែងដល់ការក្តោបក្តាប់អំណាចរបស់លោក គីម លើប្រជាជន ២៦លាននាក់របស់លោកនោះទេ។


