ភ្នំពេញ៖ លោក ហេង សំណាង ប្រធានក្រុមយុវជនសង្គមស៊ីវិល បានអំពាវនាវដល់អង្គការសង្គមស៊ីវិលនានា និងក្រុមដែលមាននិន្នាការប្រឆាំងចូលរួមធ្វើការងារជាមួយរាជរដ្ឋាភិបាលថ្មី អាណត្តិទី៧នេះ ដើម្បីចូលរួមអភិវឌ្ឍប្រទេសកម្ពុជាឱ្យមានការអភិវឌ្ឍរីកចម្រើនបន្ថែមទៀត និងរក្សាបាននូវស្ថិរភាពនយោបាយ និងសង្គមរបស់កម្ពុជា។
លោក ហេង សំណាង បានលើកឡើងថា ប្រទេកម្ពុជាកំពុងតែបង្កើតឡើងនូវទំព័រប្រវត្តិសាស្រ្ដថ្មីបន្ថែមទៀត តាមរយៈការទទួលបាននូវក្បាលមាស៊ីនដឹកនាំប្រទេសថ្មី ដែលមាននាយករដ្ឋមន្រ្តីវ័យក្មេង និងឈ្លាសវៃបំផុត រួមជាមួយនឹងគណៈរដ្ឋមន្រ្ដីជំនាន់ថ្មីសុទ្ធតែជាឥស្សរជនដែលមានសក្ដានុពលខ្លាំងក្នុងការដឹកនាំប្រទេសជាតិ។
លោកថ្លែងថា យុវជនសង្គមស៊ីវិលមិនអាចបំភ្លេចបានឡើយនូវការខិតខំរបស់គណបក្សប្រជាជនកម្ពុជាដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងឥស្សរជនជាន់ខ្ពស់ជាច្រើនរូបទៀត ដែលភាគច្រើន គឺសុទ្ធតែឆ្លងកាត់បទពិសោធន៍ច្រើនដូចពាក្យថា (ក្មេងដើរលឿន ចាស់ស្គាល់ផ្លូវ)។ កត្តាទាំងនេះ ហើយដែលប្រជាជនខ្មែរទូទាំងប្រទេសអបអរសាទរ និងគោលនយោបាយនានារបស់រាជរដ្ឋាភិបាលជាបន្តបន្ទាប់គ្រប់ៗអាណត្តិ។
លោក សំណាង លើកឡើងថា អ្វីដែលជាការកត់សម្គាល់ គណៈរដ្ឋមន្រ្ដីថ្មីក្នុងអាណត្តិទី៧នេះ គឺឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្ដីថ្មីនៃកម្ពុជា បានរៀនសូត្រចេះដឹងខ្ពង់ខ្ពស់ ទាំងផ្នែកសេដ្ឋកិច្ច យោធា និងផ្នែកនយោបាយ ពិសេសបទពិសោធន៍ការទូតដែលបានអនុវត្តការងារដោយផ្ទាល់នាកន្លងមក។
លោកសង្កេតឃើញថា កម្ពុជាមិនយូរមិនឆាប់ក្រោមការដឹកនាំរបស់ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត នឹងនាំកម្ពុជាឆ្ពោះទៅមហាអំណាចក្នុងតំបន់ ព្រោះកត្តាភូមិសាស្រ្ត និងធនធានមនុស្ស ដែលជាកត្តាសត្យានុម័តដូច្នេះយុវជនកម្ពុជាគ្រប់រូបបានត្រៀមខ្លួនក្នុងការចូលរួមដើម្បីធ្វើឱ្យកម្ពុជាមានការអភិវឌ្ឍរីកចម្រើន៕អត្ថបទ៖វ៉ន ដារ៉ា