ភ្នំពេញ៖ ទោះបីជារាជរដ្ឋាភិបាលថ្មី អាណត្តិទី៧នេះ ត្រូវប្រកាសជាផ្លូវការនាថ្ងៃទី២២ ខែសីហា ខាងមុខ ប៉ុន្ដែបណ្ដាក្រសួង ស្ថាប័ននានា ក្នុងកាលទេសអន្តរកាលនេះ បានបន្តធ្វើកិច្ចការងារលើវិស័យរបស់ខ្លួនបានយ៉ាងល្អប្រសើរទាំងវិស័យអប់រំ និងការផ្ដល់សេវានានាដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា។
ជាក់ស្ដែងក្រោយបញ្ចប់ការឃោសនាបោះឆ្នោត ការប្រកាសលទ្ធផលបោះឆ្នោត រហូតឈានដល់ការត្រៀមរៀបចំកិច្ចប្រជុំរដ្ឋសភាជាតិលើកដំបូង សម្រាប់នីតិកាលទី៧ នាថ្ងៃទី ២១ ខែសីហាខាងមុខនេះ ក្រសួងអប់រំ យុវជន និងកីឡា បានបន្តដំណើការការបង្រៀន និងការរៀនសូត្រដល់សិស្សានុសិស្សនៅគ្រប់កម្រិតសិក្សា និងបន្តធ្វើកិច្ចការងាររបស់ខ្លួន ដោយផ្ដល់សេវានានាដល់ប្រជាពលរដ្ឋ និងសាធារណៈជនទូទៅជាប្រក្រតីភាព។
ឯកឧត្ដម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡាបានថ្លែងថា បុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់ បានបន្តអនុវត្តការងារទៅតាមតួនាទីរបស់ខ្លួន ដើម្បីបន្តលើកកម្ពស់គុណភាពអប់រំ យុវជន និងកីឡា និងបន្តថែរក្សា ការពង្រឹងគុណភាពការងារគ្រប់ប្រភេទដល់សាធារណៈជនទូទៅ។
ចំណែកឯកឧត្ដម ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានមានប្រសាសន៍ថា ទោះពីជាបច្ចុប្បន្នរដ្ឋាភិបាលថ្មីមិនទាន់បានរៀបចំរួចរាល់ក៏ដោយ ក៏ប៉ុន្ដែក្រសួង ស្ថាប័នរដ្ឋនានា នៅបន្តធ្វើកិច្ចការងារលើការផ្ដល់សេវាដល់ប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរជាធម្មតា ក្នុងតួនាទីជាអង្គភាពរដ្ឋបាលអចិន្រ្ដៃយរបស់រដ្ឋ។
សូមជម្រាបថា រាជរដ្ឋាភិបាលអាណត្តិទី៧ នឹងប្រកាសចូលកាត់តំណែងជាផ្លូវការចាប់ពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣នេះ ដោយក្នុងនោះ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីថ្មីនៃកម្ពុជារួមជាមួយ នឹងគណៈរដ្ឋមន្រ្ដីវ័យក្មេងមានសក្ដានុពលជាច្រើនរូបទៀតដែលសុទ្ធតែចេញមកពីគណបក្សប្រជាជនកម្ពុជា៕អត្ថបទ៖ វ៉ន ដារ៉ា