កណ្ដាល៖ ក្នុងអំឡុងក្រសួងអប់រំយុវជន និងកីឡា ប្រកាសសាកល្បងប្រើប្រាស់បណ្ណាល័យ សាលាឌីជីថល ដែលគេអាចចូលមើលអានបាននៅតាមទូរសព្ទដៃស្មាតហ្វូន និងតាមប្រព័ន្ធអេឡិចត្រូនិចនានា តាមរយៈLinkតំណភ្ជាប់ http:// sala.moeys.gov.kh/books នេះ បណ្តាសិស្សានុសិស្សមានការពេញចិត្តខ្លាំងនាំគ្នាចូលអានសិក្សាស្រាវជ្រាវមេរៀនបានលឿន ងាយស្រួល និងអាចមើលគ្រប់ទីកន្លែង។
បើតាមបណ្តាសិស្សនៃ អនុវិទ្យាល័យ ហ៊ុន សែន ស្វាយរលំ ក្រុងតាខ្មៅ បានថ្លែងប្រាប់BTV នៅថ្ងៃទី១៨ ខែសីហានេះថា ចាប់តាំងពីក្រសួងអប់រំបានបើកឲ្យមានគេហទំព័រ សាលាឌីជីថល គឺពួកគេតែងតែប្រើប្រាស់ទូរសព្ទដៃចូលអាន សៀវភៅ ស្រាវជ្រាវមេរៀនលំហាត់ និងអានរឿងទិទាននានាដែលមានប្រយោជន៍ដល់សិក្សារៀនសូត្រ នៅក្នុងសាលា ។
ទន្ទឹមនឹងការផ្តល់អត្ថប្រយោជន៍ច្រើន ដល់ការសិក្សានេះដែរ បណ្តាសិស្សានុសិស្សទាំងនេះ ក៏បានអំពាវនាវ និងសំណូមពរមិត្តសិក្សានៅតាមបណ្តាសាលារៀនទាំងអស់ សូមនាំគ្នាប្រើប្រាស់ទូរសព្ទដៃខ្លួនឲ្យមានប្រយោជន៍ដល់សិក្សា ចូលអានសិក្សាស្រាវជ្រាវមេរៀននានា ចៀសវាងការប្រើប្រាស់ទូរសព្ទដៃ លេងហ្គេម ឬមើលរឿងផ្សេងៗគ្មានប្រយោជន៍ដល់ការសិក្សា ហើយឈានទៅរកការបំផ្លាញអនាគតរបស់យើង។
លោក សុខ ថា ប្រធាននាយកដ្ឋានបច្ចេកវិទ្យា និងព័ត៌មានវិទ្យា នៃក្រសួងអប់រំយុវជន និងកីឡា បានថ្លែងថា នៅក្នុងដំណាក់កាលប្រកាសសាកល្បងប្រើប្រាស់គេហទំព័រសាលាឌីជីថលនេះ បានដាក់បញ្ចូលសៀវភៅមេរៀនចាប់ពីកម្រិតថ្នាក់មត្តេយ្យរហូតដល់ថ្នាក់ទី១២ និងថ្នាក់ឧត្តមសិក្សា ព្រមទាំងមានសៀវភៅរឿងទិទាន សៀវភៅពាក់ព័ន្ធនានាទៀតជាង ៥០០ក្បាល និងមានក្លិបវីដេអូរៀន និងការបង្រៀនជាច្រើនក្លិបទៀត។
លោក បន្តថា មកដល់ពេលនេះ បណ្ណាល័យសាលាឌីជីថល មានសាលាចុះឈ្មោះបង្កើតគណនីចូលយកឯកសាររៀន និងការបង្រៀនប្រមាណជាង១០០គណនី ហើយគេហទំព័រសាលាឌីជីថលនេះ គ្រោងនឹងប្រើប្រាស់ផ្លូវការ នៅពាក់កណ្តាលខែក្រោយនេះ ពេលនោះក្រសួងនឹងបញ្ចូលឯកសារមេរៀន ក្លិបវីដេអូ និងសៀវភៅ សម្រាប់រៀន និងបង្រៀនជាច្រើនទៀត ដើម្បីផ្តល់ជាបណ្តុំចែករំលែកឯកសារសៀវភៅរៀន និងការបង្រៀន មួយសម្រាប់បម្រើឲ្យអប់រំនៅតាមសាលារៀនរដ្ឋ និងឯកជនទាំងអស់នៅកម្រិតទូទំាងប្រទេស៕អត្ថបទ ស៊ុមសុខជា