នាយកប្រតិបត្តិសមាគមបាល់ទាត់អង់គ្លេស FA លោក Mark Bullingham បានឱ្យដឹងថា លទ្ធភាព នៃការដឹកនាំក្រុមបុរស ពិតជាអាចទៅរួចសម្រាប់លោកស្រី Sarina Wiegman ដែលកំពុងដឹកនាំក្រុមនារីអង់គ្លេស។
គ្រូបង្វឹកវ័យ ៥៣ ឆ្នាំសញ្ជាតិហូឡង់រូបនេះ បាននាំក្រុមជម្រើសជាតិនារីអង់គ្លេស ឡើងវគ្គផ្តាច់ព្រ័ត្របាល់ទាត់នារី ពិភពលោកដោយនឹងត្រូវជួបជាមួយអេស្ប៉ាញនៅថ្ងៃអាទិត្យនេះ បន្ទាប់ពីដឹកនាំក្រុមឈ្នះជើងឯកទ្វីបអឺរ៉ុបផងដែរ។

នៅពេលសាកសួរដោយអ្នកសារព័ត៌មាន នាយកប្រតិបត្តិ FA លោក Bullingham ថា លោកសប្បាយចិត្តនូវសមិទ្ធផលរបស់លោកស្រី Wiegman ហើយក៏ចង់ឱ្យលោកស្រីបន្តដឹកនាំក្រុមរយៈពេលវែងបន្ថែមទៀត ហើយនៅក្នុងថ្ងៃណាមួយលោកស្រីចាប់អារម្មណ៍ដឹកនាំក្រុមបុរសនោះ វាពិតជាអាចទៅរួច។
សូមបញ្ជាក់ថាកិច្ចសន្យារបស់លោក Sarina Wiegman ដឹកនាំក្រុមនារីអង់គ្លេសដល់ឆ្នាំ ២០២៥ តែមានពាក្យចចាមអារាមផងដែរពីអនាគតរបស់គ្រូបង្វឹកវ័យ ៥៣ ឆ្នាំហូឡង់រូបនេះ ថាអាចទៅដឹកនាំក្រុមនារីអាមេរិក ជំនួសលោក Vlatko Andonovski ដែលទើបលាលែងពីតំណែង៕ អត្ថបទ៖នាង សុភាវុធ
