មន្ត្រីជាន់ខ្ពស់ម្នាក់ បានប្រាប់បណ្តាមេបញ្ជាការយោធា ដែលកំពុងជួបប្រជុំគ្នានៅប្រទេសហ្គាណា កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីពិភាក្សាលម្អិតអំពីកងកម្លាំងត្រៀមថាប្លុកអាហ្វ្រិកខាងលិច ECOWAS ថា បានត្រៀមជាស្រេចចំពោះអន្តរាគមន៍ដោយយោធា នៅក្នុងប្រទេសនីហ្សេ ប្រសិនបើកិច្ចប្រឹងប្រែងផ្នែកការទូតដើម្បីកែប្រែរដ្ឋប្រហារនៅទីនោះបរាជ័យ។

មន្ត្រីយោធា ប្រទេសនីហ្សេ បានបណ្តេញប្រធានាធិបតីលោក Mohamed Bazoum ចេញពីតំណែង កាលពីថ្ងៃទី២៦ ខែកក្កដា និងបានបំពានការអំពាវនាវពីសំណាក់អង្គការសហប្រជាជាតិ សហគមន៍សេដ្ឋកិច្ចនៃរដ្ឋអាហ្វ្រិកខាងលិច(ECOWAS) និងប្រទេសមហាអំណាចលោកខាងលិច ដើម្បីឲ្យលោក Bazoum ចូលកាន់តំណែងវិញ ដែលជំរុញឲ្យប្រមុខរដ្ឋអាហ្វ្រិកខាងលិច ចេញបញ្ជាដល់កងកម្លាំងត្រៀមឲ្យប្រមូលផ្តុំគ្នា។ ស្នងការសហគមន៍សេដ្ឋកិច្ចនៃរដ្ឋអាហ្វ្រិកខាងលិច(ECOWAS) ទទួលបន្ទុកកិច្ចការនយោបាយ សន្តិភាព និងសន្តិសុខ លោក Abdel-Fatau Musah បាននិយាយថា សូមកុំឲ្យនណាម្នាក់មានមន្ទិលសង្ស័យថា ប្រសិនបើបញ្ហាផ្សេងៗទៀតបរាជ័យកងកម្លាំងដ៏ក្លាហានរបស់អាហ្វ្រិកខាងលិចបានត្រៀមខ្លួនឆ្លើយតបចំពោះការអំពាវនាវនៃការតព្វកិច្ចនេះ។

លោកបាននិយាយទៅកាន់ ប្រមុខការពារជាតិមកពីបណ្តាប្រទេសជាសមាជិក ដែលបានមកជួបប្រជុំគ្នាថា ដោយគ្រប់មធ្យោបាយទាំងអស់អាចធ្វើទៅបាន នោះសណ្តាប់ធ្នាប់រដ្ឋធម្មនុញ្ញ នឹងត្រូវបានស្តារឡើងវិញនៅក្នុងប្រទេសនេះ។ ប្រទេសនីហ្សេមានសារៈសំខាន់ជាយុទ្ធសាស្ត្រហួសពីអាហ្វ្រិកខាងលិច ដោយសារតែតួនាទីរបស់ប្រទេសនេះ ជាមជ្ឈមណ្ឌលសម្រាប់កងទ័ពបរទេស ដែលចូលរួមក្នុងការប្រយុទ្ធប្រឆាំងក្រុមប៉ះបោអ៊ីស្លាមនិយម នៅក្នុងតំបន់ Sahel និងការបម្រុងទុកប្រេងនិងសារធាតុអ៊ុយរ៉ានីញ៉ូម។ បណ្តាប្រទេសលោកខាងលិច ព្រួយបារម្ភថារបបយោធា អាចធ្វើទៅតាមការដឹកនាំរបស់ប្រទេសជិតខាងម៉ាលី ជាប្រទេសដែលរដ្ឋាភិបាលយោធា បានបណ្តេញចេញកងទ័ពបារាំង និងជំនួសដោយបាននាំមកក្រុមទាហានស៊ីឈ្នួលមកពីក្រុមហ៊ុន Wagner របស់រុស្ស៊ី ដែលបានស្វាគមន៍ការធ្វើរដ្ឋប្រហារនៅក្នុងប្រទេសនីហ្សេ។