ការអត្ថាធិប្បាយរបស់ប្រព័ន្ធផ្សព្វផ្សាយចិន (CMG) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ចំហេះព្រៃនៅរដ្ឋហាវ៉ៃ ដែលជាចំហេះដ៏មហន្តរាយបំផុតនៅក្នុងសហរដ្ឋអាមេរិក ក្នុងរយៈពេលជាងមួយសតវត្សនេះ បានលាតត្រដាងចំណុចអសមត្ថភាពរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក និងភាពព្រងើយកន្តើយរបស់ក្រុមអ្នកនយោបាយ។

ចំនួនអ្នកស្លាប់កើនឡើងលើសពី១០០នាក់ មនុស្សបាត់ខ្លួនជាង១.០០០នាក់ និងលំនៅឋានរាប់ពាន់ខ្នងត្រូវបានបំផ្លាញ។ គិតត្រឹមថ្ងៃព្រហស្បតិ៍ ម៉ោងក្នុងស្រុក ចំហេះព្រៃនៅលើកោះ ម៉ូអ៊ី នៅតែមិនអាចគ្រប់គ្រងបាន។ នេះជាចំហេះដ៏មហន្តរាយបំផុតរបស់អាមេរិកក្នុងរយៈពេលជាង១០០ឆ្នាំមកនេះ។
មានហេតុផលធម្មជាតិជាច្រើននៅពីក្រោយសោកនាដកម្មនេះ រួមមានព្យុះ គ្រោះរាំងស្ងួត និងរុក្ខជាតិក្រៀមស្វិតដែលងាយឆាបឆេះ។
ប៉ុន្តែនៅពេលដែលព័ត៌មានលម្អិតកាន់តែច្រើនត្រូវបានលាតត្រដាង មនុស្សចាប់ផ្តើមដឹងថា បញ្ហានេះដូចទៅនឹងឧបទ្ទវហេតុមុនៗជាច្រើននៅសហរដ្ឋអាមេរិកដែរ សោកនាដកម្មកោះម៉ូអ៊ី នេះ គឺជាគ្រោះមហន្តរាយធម្មជាតិ ប៉ុន្តែក៏ជាឧបទ្ទវហេតុដែលបង្កើតឡើងដោយមនុស្សផងដែរ។
ចំហេះព្រៃនៅកោះម៉ូអ៊ី ពេលនេះកំពុងឆាបឆេះយ៉ាងសន្ធោសន្ធៅ ដុតបំផ្លាញផ្ទះសម្បែងរបស់ប្រជាជនអាមេរិក និងបង្ហាញពីភាពអសកម្មរបស់អ្នកនយោបាយអាមេរិក ព្រមទាំងគុណវិបត្តិនៃប្រព័ន្ធសង្គមរបស់ប្រទេសនេះផងដែរ។
នៅចំពោះមុខនៃការយំសោកសង្រេងរបស់ប្រជាពលរដ្ឋនៅតំបន់ចំហេះ និងការរិះគន់ខ្លាំងៗពីប្រព័ន្ធផ្សព្វផ្សាយ តើអ្នកនយោបាយអាមេរិកដែលបញ្ចប់វិស្សមកាលរបស់ពួកគេ អាចដឹងថាពួកគេគួរតែផ្តោតលើការជួយសង្គ្រោះប្រជាជនរបស់ពួកគេពីទុក្ខវេទនា និងកិច្ចការផ្ទៃក្នុងរបស់ប្រទេស ជំនួសឱ្យការដុតភ្លើងនៅលើឆាកអន្តរជាតិ ឬយ៉ាងណា៕

